(West Bank)៖ បុរសជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីនម្នាក់ ត្រូវបានក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលវាយរហូតដល់ស្លាប់ ហើយបុរសម្នាក់ទៀតត្រូវបានបាញ់សម្លាប់ នៅក្នុងការប៉ះទង្គិចមួយកាលពីយប់ថ្ងៃសុក្រ នៅតំបន់ West Bank ដែលអ៊ីស្រាអែលកំពុងកាន់កាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ពលរដ្ឋអាមេរិកឈ្មោះ Sayafollah Musallet អាយុ ២០ឆ្នាំ បានស្លាប់បន្ទាប់ពីរងការវាយដំយ៉ាងធ្ងន់ធ្ងរ ខណៈបុរសម្នាក់ទៀតឈ្មោះ Hussein Al-Shalabi អាយុ ២៣ឆ្នាំ ត្រូវបានបាញ់ចំទ្រូង។ ក្រុមគ្រួសាររបស់ជនរងគ្រោះបានទាមទារឲ្យក្រសួងការបរទេសអាមេរិកបើកការស៊ើបអង្កេតជាបន្ទាន់ និងនាំយកអ្នកដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់។

យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយបានបញ្ជាក់ថា ការប៉ះទង្គិចបានផ្តើមឡើងបន្ទាប់ពពីជនជាតិប៉ាឡេស្ទីនបានគប់ដុំថ្មទៅលើជនជាតិអ៊ីស្រាអែល។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានទទួលស្គាល់ថា បានដឹងពីករណីនេះ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយបន្ថែមទេ។

គួរបញ្ជាក់ថា អំពើហិង្សាដោយអ្នកតាំងលំនៅនៅតំបន់ West Bank បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើម។ កាលពីខែមករា ប្រធានាធិបតី ដូណាល់ ត្រាំ បានដកទណ្ឌកម្មដែលរដ្ឋបាលមុនបានដាក់លើក្រុមអ្នកតាំងលំនៅដែលជាប់ចោទពីបទហិង្សា។ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ ក៏ធ្លាប់បានប្រកាសថា ការតាំងលំនៅរបស់អ៊ីស្រាអែលនៅតំបន់នេះគឺខុសច្បាប់ផងដែរ៕