(ហ្កាហ្សា)៖ ទីភ្នាក់ងារការពារជនស៊ីវិលនៃតំបន់ហ្កាហ្សា បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ២៧នាក់ ក្នុងនោះមាន ៦នាក់ត្រូវបានសម្លាប់នៅក្បែរកន្លែងចែកចាយទឹកស្អាតមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលនៃតំបន់ហ្កាហ្សា លោក Mahmud Bassal បានប្រាប់ AFP ថាទីក្រុងហ្កាហ្សារងការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើកកាលពីយប់ថ្ងៃសៅរ៍ រហូតដល់ ព្រឹកថ្ងៃអាទិត្យនេះ ដោយមនុស្ស ៨នាក់ត្រូវបានសម្លាប់ ក្នុងនោះមានទាំងស្រ្តី និងកុមារ ហើយជាច្រើននាកទៀតរងរបួស។ តាមលោក Bassal ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល លើផ្ទះមួយខ្នងនៅក្បែរជំរំជនភៀសខ្លួន Nuseirat ស្ថិតនៅភាគខាងត្បូងទីក្រុងហ្កាហ្សា បានសម្លាប់មនុស្ស១០នាក់ និងជាច្រើននាក់រងរបួស។ ការវាយប្រហារតាមផ្លូវអាការមួយផ្សេងទៀត លើទីតាំងចែកចាយទឹកស្អាតនៅក្នុងតំបន់មួយនៅភាគខាងលិចនៃជំរំ Nuseirat វិញបានសម្លាប់មនុស្ស ៦នាក់ និងជាច្រើននាក់រងរបួស។

ចំណែក នៅភាគខាងត្បូងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្ស៣នាក់ត្រូវបានសម្លាប់ នៅពេលយន្ដហោះចម្បាំងអ៉ីស្រាអែលវាយប្រហារលើតង់ស្នាក់នៅមួយរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ Al-Mawasi។ ប៉ុន្តែខាងយោធាអ៉ីស្រាអែលមិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេ៕