(វ៉ាស៉ីនតោន)៖ សេចក្តីព្រាងច្បាប់ដែលនឹងសង្កត់រុស្ស៉ីតាមរយៈការដាក់ទណ្ឌកម្ម ក្នុងបំណងដាក់សម្ពាធឱ្យទីក្រុងមូស្គូចូលចរចារកសន្តិភាពពិតប្រាកដជាមួយអ៊ុយក្រែន កំពុងទទួលបានការគាំទ្រពីព្រឹទ្ធសភាអាមេរិក នៅក្នុងសប្តាហ៍នេះ ប៉ុន្តែនៅខ្វះការជំរុញរបស់ប្រធានាធិបតី ដើម្បីឈានទៅសម្រេចចុងក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក John Thune បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រឹទ្ធសភាអាចបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នៅក្នុងខែនេះ។ ចំណែកលោក Mike Johnson សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ ក៏បានសម្តែងសុទិដ្ឋិនិយមស្រដៀងគ្នានេះដែរ ខណៈសមាជិកព្រឹទ្ធសភាផ្សេងទៀតនៃបក្សសាធារណរដ្ឋ លោក Lindsey Graham និងរដ្ឋមន្រ្តីការបរទេស លោក Marco Rubio បានប្រាប់អ្នកការទូតជាលក្ខណៈឯកជនថា សេចក្តីព្រាងច្បាប់នេះ នឹងដំណេីរការទៅមុខ។
អ្នកគាំទ្រអ៊ុយក្រែននៅទីក្រុងវ៉ាស៉ីនតោន និងទីក្រុងកៀវកំពុងរង់ចាំយ៉ាងអន្ទះសារនូវអ្វីដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ និយាយថានឹងក្លាយជាសេចក្តីថ្លែងការណ៍ដ៏សំខាន់ចំពោះរុស្ស៉ី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ យ៉ាងនេះក្តី វាមិនច្បាស់ទេថា តើលោក ត្រាំ នឹងបោះបង់ការផ្សះផ្សារទំនាក់ទំនងការទូតជាមួយរុស្ស៉ីឬទេ ហើយអំណាចវេតូយ៉ាងទូលំទូលាយលើទណ្ឌកម្ម ដែលសេតវិមានកំពុងទាមទារអាចរារាំងសេចក្តីព្រាងច្បាប់នេះបាន។
គួរបញ្ជក់ថា ប៉ុន្មានសប្តាហ៍មកនេះ លោក ត្រាំ បានបង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញភាពស្ទាក់ស្ទើររបស់លោកក្នុងការទទួលយកបទឈប់បាញ់ និងការកើនឡើងនូវអ្នកស្លាប់ជាជនស៉ីវិលដោយការវាយប្រហាររបស់រុស្ស៉ី៕