(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសរុស្ស៉ី លោក Sergei Lavrov បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងជើង កាលពីយប់ថ្ងៃសុក្រ ដែលជាទស្សនកិច្ចថ្មីចុងក្រោយគេ ធ្វើឡើងដោយមន្រ្តីជាន់ខ្ពស់រុស្ស៉ី មកកាន់ប្រទេសអាស៉ីបូព៌ាមួយនេះ ចំពោះមុខទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តាម KCNA លោក Lavrov នឹងចាប់ផ្តើមការបំពេញទស្សនកិច្ចរបស់លោកជាផ្លូវការ នៅថ្ងៃអាទិត្យ ហើយវានឹងរួមមានកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ លោក Lavrov បានមកដល់ទីក្រុង Wonsan នៃប្រទេសកូរ៉េខាងជើង ក្រោយចាកចេញពីទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។

ទស្សនកិច្ចរបស់លោក Lavrov គឺជាជំនួបកម្រិតខ្ពស់ចុងក្រោយបង្អស់រវាងរុស្ស៉ីនិងកូរ៉េខាងជើង ចំពោះមុខការបង្កើនយ៉ាងឆាប់រហ័ស​នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ដែលឥឡូវរួមបញ្ចូលនូវកិច្ចព្រមព្រៀងជួយការពារគ្នាទៅវិញទៅមកផងដែរ។ ចារកម្មកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងប្រហែលជាកំពុងលក្ខណៈត្រៀមបញ្ជូនកងទ័ពបន្ថែមឱ្យទៅរុស្ស៉ី អំឡុងខែកក្កដានេះ ឬខែសីហាខាងមុខ ដើម្បីបន្តជួយទីក្រុងមូស្គូក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីផ្ទាល់វិញ បន្ទាប់ពីកូរ៉េខាងជើង លោក Lavrov ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់​ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ នៃអង្គការសហប្រតិបត្តិការសៀងហៃ SCO ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ-អង្គារសប្តាហ៍ក្រោយ៕