(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃសុក្រ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥។
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានចាត់ទុកប្រទេសចិនថាជាមិត្ត និងដៃគូដែលគួរឲ្យទុកចិត្ត ហើយបានបញ្ជាក់ថា ការរក្សាមិត្តភាពជាមួយចិន គឺជាការឯកភាពរួមរបស់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី។ លោកក៏បានកោតសរសើរចំពោះតួនាទីនាំមុខរបស់ចិន នៅក្នុងពេលដែលយន្តការពហុភាគីដូចជា BRICS កំពុងរីកចម្រើន។
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក វ៉ាង យី ក៏បានរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ពន្ធនាំចូលខ្ពស់ដោយឯកតោភាគី ដោយចាត់ទុកថាជាទង្វើគ្មានការទទួលខុសត្រូវ។ លោកបានសង្កត់ធ្ងន់ថា ចិន និងម៉ាឡេស៊ី ក្នុងនាមជាប្រទេសតំណាងឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គួរតែរួមដៃគ្នាដោះស្រាយបញ្ហាប្រឈម និងស្វែងរកការអភិវឌ្ឍរួមគ្នា៕