(បាងកក)៖ អំឡុងកម្មវិធីពិភាក្សាមួយរបស់ទូរទស្សន៍ថៃ Nation TV ក្នុងសប្តាហ៍នេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រ បានបង្ហើបឱ្យដឹងថា ពួកឧក្រិដ្ឋជនមួយចំនួនដែលធ្វើប្រតិបត្តិការឆបោកនៅក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិន មានតម្លៃថ្លៃៗរហូតដល់រាប់ពាន់លានបាត ហើយធ្វើដំណើរទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី។
លោក ថាក់ស៉ីន បានលើកឡើងដូចខាងលើ អំឡុងកិច្ចពិភាក្សាជុំវិញប្រធានបទទូលំទូលាយមួយ ស្តីពីកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសាធារណៈ ដើម្បីស្តារទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន ឡើងវិញ។ លោក ថាក់ស៉ីន បានអះអាងថា ការដោះស្រាយបញ្ហាបទល្មើសពាក់ព័ន្ធទៅនឹងបណ្តាញឆកបោកតាមតាមប្រព័ន្ធទូរគមនាគមន៍ គឺជារឿងចាំបាច់ មុនពេលទេសចរអាចមានអាម្មរណ៍ថា មានសុវត្ថិភាពពេលត្រឡប់មកវិញ។
ជាចុងក្រោយ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសថៃ ត្រូវបានក្រុមឧក្រិដ្ឋជនបរទេសប្រើប្រាស់ទឹកដី ធ្វើជាមជ្ឈមណ្ឌលឆ្លងកាត់ ឬជាការិយាល័យរណប សម្រាប់ប្រតិបត្តិការឆបោក របស់ពួកគេ៕