(មូស្គូ)៖ អាជ្ញាធររុស្ស៉ី បានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល ៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ដោយសបញ្ជាក់ឱ្យឃើញថា រុស្ស៉ីបានយកលំនាំតាមសកម្មភាពរបស់លោកខាងលិច មកជួយដល់សេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ ២០២៥។

សង្រ្គាម ត្រូវបានអមដោយការរឹបអូសទ្រព្យយកទ្រព្យសម្បត្តិ ខណៈក្រុមហ៊ុនលោកខាងលិចជាច្រើន បានចាកចេញពីទីផ្សាររុស្ស៉ី ទ្រព្យសម្បត្តិឯកជនត្រូវបានដកហូត ហើយទ្រព្យសម្បត្តិនៃអាជីវកម្មរុស្ស៉ីធំៗ ក៏ត្រូវបានរឹបអូសផងដែរ។ ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៉ី លោកវ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាត ឱ្យមានការរឹបអូសទ្រព្យសម្បត្តិលោកខាងលិច ប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើន រាប់ចាប់ពីក្រុមហ៊ុន Uniper របស់អាល្លឺម៉ង់ រហូតដល់ក្រុមហ៊ុនស្រាបៀរ Carlsberg របស់ដាណឺម៉ាក។

ក្រុមហ៊ុនច្បាប់នៅទីក្រុងមូស្គូ NSP បានលើកឡើងថា ទំហំនៃអ្វីដែលខ្លួនហៅថា ការធ្វើជាតូបនីយកម្ម បាននាំទ្រព្យសម្បត្តិ គិតទឹកប្រាក់ ៣.៩ទ្រីលានរូប្លិ៍ ឬជាង ៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ។ ការស្រាវជ្រាវនេះ ត្រូវបានរាយការណ៍ដំបូងដោយ Kommersant ជាកាសែតឈានមុខគេមួយរបស់រុស្ស៉ី ដោយសរសេរថា វាជាលំនាំសេដ្ឋកិច្ច ដែលរុស្ស៉ីធ្វើតាមលោកខាងលិច៕