(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា អង្គការសហប្រជាជាតិ (UN) បានព្រមានថា ទីក្រុងវ៉ាស៉ីនតោនកំពុងតែបង្កើតគំរូដ៏គ្រោះថ្នាក់មួយ តាមរយៈការដាក់ទណ្ឌកម្មលើអ្នកជំនាញ UN ម្នាក់ សម្រាប់ការរិះគន់គោលនយោបាយអាមេរិកចំពោះតំបន់ហ្កាហ្សា ហើយបានទាមទារឱ្យលុបចោលសកម្មភាពនោះវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការ UN បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើអ្នករាយការណ៍ពិសេសរបស់ UN ជាគំរូដ៏គ្រោះថ្នាក់មួយ។ លោក Dujarric បានបន្តថា ការប្រើប្រាស់ទណ្ឌកម្មឯកតោភាគី ប្រឆាំងអ្នកជំនាញឬមន្រ្តីណាមួយរបស់ UN គឺជាទង្វើមិនអាចទទួលយកបានឡើយ។
ទន្ទឹមគ្នា ប្រមុខសិទ្ធិមនុស្ស UN លោក Volker Turk បានអំពាវនាវឱ្យអាមេរិក បញ្ឈប់ការវាយប្រហារនិងការគំរាមកំហែង ប្រឆាំងបុគ្គលនានាដែលត្រូវបានតែងតាំងដោយ UN និងស្ថាប័នអន្តរជាតិដូចជា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាដើម។ លោក Turk បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោនលុបចោលវិញ នូវការដាក់ទណ្ឌកម្មប្រឆាំងអ្នករាយការណ៍ពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN គឺលោកស្រី Francesca Albanese សម្រាប់ការបំពេញការងារបស់លោកស្រី ពាក់ព័ន្ធស្ថានការណ៍សិទ្ធិមនុស្ស នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា ទីក្រុងវ៉ាស៉ីនតោន សម្រេចដាក់ទណ្ឌកម្មលើលោកស្រី Albanese សម្រាប់អ្វីដែលលោកហៅថា កិច្ចប្រឹងប្រែងដ៏អាម៉ាសនិងមិនស្របច្បាប់ ក្នុងការជំរុញឱ្យតុលាការ ICC ធ្វើសកម្មភាពប្រឆាំងថ្នាក់ដឹកនាំ មន្រ្តី និងក្រុមហ៊ុនអ៉ីស្រាអែល។ លោក Rubio បានថ្កោលទោសការរិះគន់របស់អ្នកជំនាញ UN រូបនេះ មកលើសហរដ្ឋអាមេរិក ហើយលោកបានអះអាងថា លោកស្រី Albanese បានផ្តល់អនុសាសន៍ឱ្យ ICC ចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu។ កាលពីខែមុន អាមេរិកក៏បានដាក់ទណ្ឌកម្មលើ ចៅក្រម៤រូបរបស់តុលាការ ICC ផងដែរ៕