(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែលត្រៀមលក្ខណៈជាស្រេច ដើម្បីចរចារកបទឈប់បាញ់ជាអចិន្រ្តៃយ៍នៅតំបន់ហ្កាហ្សា អំឡុងការផ្អាកប្រយុទ្ធគ្នារយៈពេល៦០ថ្ងៃ ប៉ុន្តែលុះត្រាតែដែនដីប៉ាឡេស្ទីននេះ ត្រូវបានរំសាយអាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រតិភូអ៉ីស្រាអែលនិងប្រតិភូក្រុមហាម៉ាស បានចាប់ផ្តើមកិច្ចពិភាក្សាមិនដោយផ្ទាល់នៅទីក្រុង Doha ប្រទេសកាតា ដើម្បីព្យាយាមស្វែងរកការឯកភាព ចំពោះការផ្អាកសង្រ្គាមជាបណ្តោះអាសន្ន ក្រោយវាផ្ទុះឡើងតាំងពីខែតុលា ឆ្នាំ២០២៣។ លោក Netanyahu បាននិយាយថា បេសកជនអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Steve Witkoff បានស្នើបទឈប់បាញ់មួយ​រយៈពេល៦០ថ្ងៃ ជាថ្នូរនឹងការដោះលែងពាក់កណ្តាល នៃចំណាប់ខ្មាំងនៅរស់ទាំង២០នាក់ ដែលកំពុងបន្តស្ថិតក្នុងតំបន់ហ្កាហ្សា។

លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងយ៉ាងដូច្នេះថា «អំឡុងពេលចាប់ផ្តើមនៃបទឈប់បាញ់នោះ យើងនឹងស្ម័គ្រចិត្តចរចាដើម្បីរកការបិទបញ្ចប់ជាអចិន្រ្តៃយ៍សម្រាប់សង្រ្គាម ប៉ុន្តែលក្ខខណ្ឌចម្បងរបស់អ៉ីស្រាអែល គឺតម្រូវឱ្យហាម៉ាសទម្លាក់អាវុធចុះ ហើយលែងមានសមត្ថភាពគ្រប់គ្រងតំបន់នេះ ឬសមត្ថភាពយោធាតទៅទៀត»

លោក Netanyahu បានសង្កត់ធ្ងន់ថា «ប្រសិនបើវាអាចសម្រេចបានតាមរយៈកិច្ចចរចា គឺពិតជាល្អណាស់ ប៉ុន្តែប្រសិនបើពុំអាច​សម្រេចបានតាមការចរចា ក្នុងរយៈពេល៦០ថ្ងៃទេនោះ យើងនឹងសម្រេចវាតាមរយៈមធ្យោបាយផ្សេង គឺតាមរយៈការប្រើកម្លាំង... កម្លាំងនៃកងទ័ពដ៏អង់អាចរបស់យើង»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានយល់ព្រមចំពោះការដោះលែងចំណាប់ខ្មាំង១០នាក់ ប៉ុន្តែមួយថ្ងៃក្រោយមក បាននិយាយថា ខ្លួនជំទាស់ចំពោះកិច្ចព្រមព្រៀង ដែលរួមមានបញ្ចូលវត្តមានយោធាអ៉ីស្រាអែលក្នុងទ្រង់ទ្រាយធំ នៅហ្កាហ្សា។ មិនតែប៉ុណ្ណោះ ហាម៉ាសក៏បានចង់ឱ្យជំនួយអាចចូលហ្កាហ្សា ដោយគ្មានឧបសគ្គផងដែរ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌កើតឡើងដោយសារតែសង្រ្គាម រួមជាមួយការធានាជាក់ស្តែងពិតប្រាកដ សម្រាប់សន្តិភាពយូរអង្វែងមួយ៕