(មូស្គូ)៖ អាជ្ញាធរនៅប្រទេសរុស្ស៉ី នាថ្ងៃសុក្រ ទី១១ ខែកក្កដា បានឱ្យដឹងថា កាលពីវេលាយប់កន្លងទៅ អ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារកំណត់គោលដៅ លើរដ្ឋធានីមូស្គូនិងតំបន់ជាច្រើនផ្សេងទៀត ហើយជាលទ្ធផលបានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងខូចខាតសហគ្រាសកសិកម្មមួយកន្លែង នៅភាគនិរតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ី បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនសរុបចំនួន១៥៥គ្រឿង កាលពីចន្លោះម៉ោង១១យប់ថ្ងៃព្រហស្បតិ៍ និងម៉ោង៧ព្រឹកថ្ងៃសុក្រនេះ ដោយក្នុងនោះដ្រូន១១គ្រឿង បានហោះឆ្ពោះមករកទីក្រុងមូស្គូ។ អាកាសយានដ្ឋាន៣ ក្នុងចំណោម៤កន្លែង ដែលសម្រាប់បម្រើទីក្រុងមូស្គូ ត្រូវបានផ្អាកប្រតិបត្តិការរយៈពេលខ្លី មុនបន្តដំណើរការជាធម្មតាវិញ។
យន្តហោះដ្រូន១គ្រឿង បានធ្លាក់ចំសហគ្រាសកសិកម្មមួយកន្លែង ក្នុងតំបន់ Lipetsk ជាហេតុបង្កឱ្យមានអគ្គិភ័យ និងផ្តាច់ជីវិតមនុស្សម្នាក់ ហើយនាំឱ្យម្នាក់ទៀតរងរបួស។ ភាគច្រើននៃដ្រូនទាំងនោះ ត្រូវបានបាញ់កម្ទេចនៅតាមតំបន់របស់រុស្ស៉ី ដែលស្ថិតជាប់ព្រំប្រទល់អ៊ុយក្រែន ដូចជា Kursk, Belgorod និង Bryansk។
គួរបញ្ជាក់ថា ទីក្រុងកៀវអះអាងថា ការវាយប្រហាររបស់ខ្លួនមកលើទឹកដីរបស់រុស្ស៉ី គឺមានគោលដៅបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដែលមានសារសំខាន់ សម្រាប់កិច្ចប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងមូស្គូ ហើយទន្ទឹមគ្នាវាក៏ជាសកម្មភាពឆ្លើយតបវិញផងដែរ ចំពោះការបន្តវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ចាប់តាំងតែពីសង្រ្គាមផ្ទុះឡើងមក៕