(វ៉ាទីកង់)៖ ស្ថានទូតនៃបុរីវ៉ាទីកង់ បានចេញសេចក្តីថ្លែងការណ៍ថា ស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងកៀវ ត្រូវរងការខូចខាតបន្តិចបន្តួច អំឡុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា «ការវាយប្រហារមួយលើទីក្រុងកៀវ នាំឱ្យខូចខាតដល់អគារធំនៃស្ថានទូត ក៏ដូចជាកន្លែងផ្តល់សេវាកម្ម»។ លោក Visvaldas Kulbokas ដែលជាឯកអគ្គរដ្ឋទូតរបស់បុរីវ៉ាទីកង់ប្រចាំអ៊ុយក្រែន បានប្រាប់សារព័ត៌មានផ្លូវការ Vatican News ថា លោកបានឃើញដ្រូនហោះក្រឡឹងជុំវិញបរិវេណស្ថានទូត ហើយក៏ឮសំឡេងផ្ទុះជាច្រើនពេញមួយយប់។ លោកបន្ថែមថា ការវាយប្រហារបានបំផ្លាញដំបូល និងចំណតរថយន្តនៃស្ថានទូត។
គួរបញ្ជាក់ថា បុរីវ៉ាទីកង់មានទំនាក់ទំនងការទូតផ្លូវការ ជាមួយប្រទេសប្រហែល ១៨០ និងមានស្ថានទូតនៅតាមរដ្ឋធានី និងរាជធានីនៃប្រទេសជុំវិញពិភពលោក។ ការវាយប្រហារខាងលើនេះបានកើតឡើង នៅគ្រាដែលសន្និសីទអន្តរជាតិស្តីពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន កំពុងប្រព្រឹត្តទៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ជាទីដែលអ៊ុយក្រែន ទទួលបានការសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារ៕