(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានដាក់ចេញនូវការគ្រប់គ្រងអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង ជាមួយនិងការចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ក៏ដូចជាផែនការគាំទ្រអ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ ២០២៥។
ក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំទាំងពីរ បានប្រកាសពីការយល់ព្រមជាគោលការណ៍ លើច្រកចេញចូលតែមួយ ដែលតម្រូវឱ្យចក្រភពអង់គ្លេស និរទេសអ្នកដែលមិនមានឯកសារត្រឹមត្រូវត្រឡប់ទៅបារាំងវិញ ជាថ្នូរនឹងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ ដែលមានសាច់ញាតិជាជនជាតិបារាំងនៅអង់គ្លេស ក្នុងចំនួនស្មើគ្នា។
គេមិនទាន់ច្បាស់ទេថាតើកិច្ចព្រមព្រៀងនេះ នឹងមានផលប៉ះពាល់ខ្លាំងឬយ៉ាងណា។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានលើកឡើងពីតម្រូវការនៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានការត្រួតពិនិត្យផ្លូវច្បាប់ជាមុន ប្រកបដោយតម្លាភាព មានការទទួលស្គាល់ពេញលេញពីគណៈកម្មាការ និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប។
ជាមួយគ្នានេះ ទីក្រុងប៉ារីស នឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីនៃក្រុមសម្ព័ន្ធមិត្តជួយអ៊ុយក្រែន ហើយ១២ខែក្រោយមក នឹងប្តូរវេនទៅឱ្យទៅទីក្រុងឡុងដ៍វិញម្តង។ ប្រទេសទាំងពីរ ក៏នឹងបង្កើតកងកម្លាំងក្រោយបទឈប់បាញ់ ដើម្បីកសាងកម្លាំងជើងគោក អាកាស និងសមុទ្ររបស់អ៊ុយក្រែនផងដែរ៕