(គូឡាឡាំពួ)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ដែលនេះនឹងក្លាយជាជំនួបទល់មុខលើកដំបូងរវាងប្រមូខការទូតទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Marco Rubio បានធ្វើដំណើរទៅដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់អាស៊ី ចាប់តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន។ មុនជួបលោក Wang Yi លោក Rubio ក៏បានជួប រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅគូឡាឡាំពួរួចហើយដែរកាលពីថ្ងៃព្រហស្បតិ៍។

ដំណើរទស្សនកិច្ចរបស់លោក Rubio គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងស្ដារការផ្តោតជាថ្មីរបស់សហរដ្ឋអាមេរិកលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋបាលលោក ត្រាំ កំពុងជាប់រវល់នឹងសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។ លោក Rubio នឹងត្រូវចូលរួមកិច្ចប្រជុំអាស៊ីបូព៌ា និងវេទិកាអាស៊ាននៅថ្ងៃសុក្រនេះ ដោយមានការចូលរួមផងដែរពីសមាភាគីរបស់លោកមកពីជប៉ុន ចិន រុស្ស៉ី អូស្ត្រាលី ឥណ្ឌា និងសហភាពអឺរ៉ុប។

តាមក្រុមអ្នកវិភាគ អំឡុងទស្សនិច្ចរបស់លោក លោក Rubio នឹងសម្លឹងរកឱកាសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងបង្ហាញថាអាមេរិកនៅតែជាដៃគូដ៏ល្អប្រសើរជាងចិន ដែលជាគូប្រជែងយុទ្ធសាស្ត្រដ៏ធំមួយរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ជំនួបរវាងលោក Rubio និងលោក Wang Yi កើតមានឡើងចំពេលភាពតានតឹងពាណិជ្ជកម្ម ដោយចិននៅក្នុងសប្ដាហ៍នេះបានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការដំឡើងពន្ធលើ ទំនិញចិននៅខែក្រោយនេះ។ ចិនក៏បានព្រមានចាត់វិធានការសងសឹកផងដែរ ចំពោះប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីផាត់ចិនចេញពី ខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ៕