(Reuters)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ធូរបន្ថយនៅក្នុងអត្រាពន្ធបដិការ ៤០ភាគរយលើការនាំចេញ ទំនិញនៃប្រទេសរបស់លោកទៅកាន់សហរដ្ឋអាមេរិក ហើយថាត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនក្រុមអ្នកចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងករណីចាំបាច់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងលិខិតជូនដំណឹងដល់មីយ៉ាន់ម៉ាស្ដីពីអត្រាពន្ធបដិការពីរដ្ឋបាលលោក ត្រាំ លោក Min Aung Hlaing បានស្នើសុំបញ្ចុះ អត្រាពន្ធបដិការពី៤០ភាគរយ មកនៅត្រឹម ១០ ទៅ ២០ភាគរយ ហើយមីយ៉ាន់ម៉ានឹងបញ្ចុះការយកពន្ធបដិការលើទំនិញនាំចូលពីសហរដ្ឋអាមេរិកក្នុងអត្រាពី០ ទៅ ១០ភាគរយ៕