(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO ហើយថារូបលោកនឹងធ្វើសេចក្ដីថ្លែងការណ៍ដ៏សំខាន់មួយស្ដីពីរុស្ស៉ីនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ត្រាំ បានបង្ហាញអារម្មណ៍ខកចិត្តចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងភាពរីកចម្រើនតិចតួចឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបង្កឡើង ដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាខ្ញុំនឹងធ្វើ សេចក្ដីថ្លែងការណ៍ដ៏សំខាន់មួយស្ដីពីរុស្ស៉ីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ»។ តែលោកមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ។
លោក ត្រាំ ក៏បានប្រាប់ NBC News ដែរពីអ្វីដែលលោកហៅថាជាកិច្ចព្រមព្រៀងថ្មីមួយរវាងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត NATO និងអ៊ុយក្រែន ជុំវិញការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក។ «យើង នឹងបញ្ជូនអាវុធទៅឱ្យ NATO ហើយ NATO គឺជាអ្នកបង់លុយ ១០០ភាគរយលើអាវុធទាំងនោះ។ ដូច្នេះយើងនឹងបញ្ជូនអាវុធទៅឱ្យ NATO ហើយ NATO នឹងបញ្ជូនអាវុធបន្តទៅឱ្យ អ៊ុយក្រែន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ត្រាំ។
គួរបញ្ជាក់ថា មន្ត្រីអាមេរិក២នាក់ បានប្រាប់ Reuters ថានេះជាលើកដំបូងបំផុតចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី ដែលលោក ត្រាំ នឹងបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននៅក្រោមសិទ្ធិ អំណាចប្រធានាធិបតីដែលត្រូវបានប្រើជាញឹកញាប់ដោយអតីតប្រធានាធិបតី លោក ចូ បៃដិន៕