(កូឡាឡាំពួរ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) នៅថ្ងៃព្រហស្បតិ៍នេះ បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះបានកើតឡើង ខណៈរុស្ស៊ីកំពុងបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះគឺជាជំនួបទល់មុខលើកទីពីរ រវាងមន្ត្រីកំពូលទាំងពីរដែលមានរយៈពេលប្រហែល ៥០នាទី ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែបង្ហាញការខកចិត្តចំពោះប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលសង្គ្រាមនៅអ៊ុយក្រែននៅតែបន្តអូសបន្លាយ។

លោក ម៉ាកូ រ៉ូប៊ីអូ បានថ្លែងថា លោកបានធ្វើ «ការសន្ទនាដោយឥតលាក់លៀម និងសំខាន់» ជាមួយសមភាគីរុស្ស៊ី លោក ឡាវរ៉ូវ ដោយបានបង្ហាញពីការខកចិត្តរបស់សហរដ្ឋអាមេរិក ដែលរុស្ស៊ីខ្វះភាពបត់បែនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោកបានបន្ថែមថា ភាគីទាំងពីរបានផ្លាស់ប្តូរគំនិតមួយចំនួន រួមទាំង «វិធីសាស្រ្តថ្មី» ពីភាគីរុស្ស៊ី ដែលលោកនឹងរាយការណ៍ជូនប្រធានាធិបតី ដូណាល់ ត្រាំ។ លោកបានបញ្ជាក់ថា «យើងចាំបាច់ត្រូវមើលឃើញផែនទីបង្ហាញផ្លូវមួយ អំពីរបៀបដែលជម្លោះនេះអាចបញ្ចប់»។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីលោក ត្រាំ ដែលធ្លាប់បានសន្យាបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័សបានផ្លាស់ប្តូរជំហរ ដោយបានរិះគន់លោក ពូទីន យ៉ាងខ្លាំង និងបានបញ្ជាឲ្យបន្តការផ្គត់ផ្គង់អាវុធការពារជាតិដល់អ៊ុយក្រែនឡើងវិញ។ លោក ត្រាំ ក៏កំពុងពិចារណាគាំទ្រច្បាប់ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ីផងដែរ។ ភាគីវិមានក្រឹមឡាំងបានឆ្លើយតបថា ខ្លួននឹងបន្តព្យាយាមកែលម្អទំនាក់ទំនងដែល «ប្រេះឆា» ជាមួយទីក្រុងវ៉ាស៊ីនតោន៕