(វ៉ាស៊ីនតោន)៖ យោងតាមមន្ត្រីពីររូបដែលបានប្រាប់ទីភ្នាក់ងារ Reuters រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យប្រធានាធិបតីនៃប្រទេសអាហ្វ្រិកចំនួន ៥ ទទួលយកជនអន្តោប្រវេសន៍ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក បើទោះបីជាជនអន្តោប្រវេសន៍ទាំងនោះមកពីប្រទេសទីបីក៏ដោយ។
ផែនការនេះត្រូវបានផ្តល់ជូនទៅកាន់ប្រធានាធិបតី នៃប្រទេសលីបេរីយ៉ា, សេណេហ្គាល់, ហ្គីណេប៊ីសូ, ម៉ូរីតានី និងហ្គាបុង ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសេតវិមានកាលពីថ្ងៃពុធ។ ទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថាតើប្រទេសណាមួយបានយល់ព្រមតាមសំណើនេះឬយ៉ាងណានោះទេ។
ចាប់តាំងពីចូលកាន់តំណែង លោក ត្រាំ បានជំរុញឲ្យមានការបង្កើនល្បឿននៃការបណ្តេញជនអន្តោប្រវេសន៍ចេញ ដែលរួមមានទាំងការបញ្ជូនពួកគេទៅកាន់ប្រទេសទីបី នៅពេលមានបញ្ហាក្នុងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ជនអន្តោប្រវេសន៍ ៨នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាសាធារណៈ លោក ត្រាំ បានប្រាប់មេដឹកនាំអាហ្វ្រិកទាំង៥រូបថា លោកកំពុងផ្លាស់ប្តូរវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកពីការផ្តល់ជំនួយទៅជាការផ្តោតលើពាណិជ្ជកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Stephen Miller ដែលជាមន្ត្រីដ៏តឹងរ៉ឹងផ្នែកអន្តោប្រវេសន៍ផងដែរ៕