(ម៉ានីល)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដានេះ ប្រទេសហ្វីលីពីន បានបង្ហាញក្តីបារម្ភអំពីការសម្រេចដាក់ពន្ធ ២០ភាគរយ របស់សហរដ្ឋអាមេរិក លើការនាំចេញរបស់ហ្វីលីពីន ប៉ុន្តែប្តេជ្ញាថានឹងបន្តការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក Frederick Go បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងរក្សាការប្តេជ្ញាចិត្ត បន្តចរចាជាមួយសហរដ្ឋអាមេរិក ដោយស្មោះត្រង់ ដើម្បីបន្តកិច្ចព្រមព្រៀងទ្វេភាគី និងទូលំទូលាយ ផ្នែកសេដ្ឋកិច្ច ឬបើអាចធ្វើទៅបាន គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)»។ ចំណែក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez ក៏បានលើកឡើងផងដែរថា ហ្វីលីពីន នឹងស្វែងរកការទម្លាក់អត្រាពន្ធគយ នៅក្នុងកិច្ចចរចា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែជាគោលដៅនាំចេញដ៏សំខាន់ ដែលរួមចំណែកជិត ១៦ភាគរយ នៃការនាំចេញសរុបរបស់ហ្វីលីពីន ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។ ក្រុមមន្ត្រីហ្វីលីពីន គ្រោងធ្វើដំណើរទៅពិភាក្សា ជាមួយសមភាគីអាមេរិក នៅសប្តាហ៍ក្រោយ មុនពេលអត្រាពន្ធចូលជាធរមាន នាថ្ងៃទី១ ខែសីហា៕