(មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃពុធសប្តាហ៍នេះ បានលើកឡើងថា ទីក្រុងមូស្គូ អត់ធ្មត់នឹងការរិះគន់ពីសំណាក់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះលោកប្រធានាធិបតី ពូទីន ហើយនឹងបន្តជួសជុលទំនាក់ទំនងបែកបាក់រវាងរុស្ស៉ី និងអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥។
លោក ត្រាំ បាននិយាយដោយរិះគន់ លោក ពូទីន ជុំវិញការកើនឡើងនូវអ្នកស្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយថា នឹងពិចារណាដាក់ទណ្ឌកម្មរុស្ស៉ី។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំ អំពីការអត្ថាធិប្បាយនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បញ្ជាក់ថា «យើងអត់ធ្មត់ណាស់ ចំពោះរឿងនេះ។ យើងរំពឹងថា នឹងបន្តកិច្ចសន្ទនាជាមួយ ទីក្រុងវ៉ាស៉ីនតោន និងបន្តការទាក់ទង ជួសជុលទំនាក់ទំនងទ្វេភាគីដែលបែកបាក់»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោក ត្រាំ បានយល់ហើយថាជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន មិនងាយដោះស្រាយទេ ហើយបានឮសេចក្តីថ្លែងការណ៍របស់ លោក ត្រាំ ថាការដោះស្រាយសង្រ្គាមអ៊ុយក្រែន គឺពិបាកជាងអ្វីដែលលោកគិតពីដំបូង៕