(ហ្សាការតា)៖ ប្រធានក្រុមអ្នកចរចាររបស់ឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០​ ខែកក្កដា នេះថា កិច្ចប្រជុំជាមួយអ្នកតំណាងអាមេរិក នៅក្នុងទីក្រុងវ៉ាស៉ីនតោន ស្តីពីពន្ធគយដែលបាននិងកំពុងប្រព្រឹត្តទៅ គឺមានភាពវិជ្ជមាន ដោយប្រទេសទាំងពីរ ស្វែងរកភាពជាដៃគូកាន់តែទូលំទូលាយ លើវិស័យរ៉ែសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឥណ្ឌូណេស៉ី កំពុងប្រឈមមុខនឹងពន្ធគយ ៣២ភាគរយដែលដាក់ដោយសហរដ្ឋអាមេរិក និងចាប់អនុវត្តពីថ្ងៃទី១ ខែសីហា។ ប្រធានក្រុមអ្នកចរចា និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Airlangga Hartarto បានជួបរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងប្រធានតំណាងពាណិជ្ជកម្ម លោក Jamieson Greer កាលពីថ្ងៃពុធ។ ជំនួបនោះ គ្របដណ្តប់លើបញ្ហាពន្ធគយ របាំងមិនមែនពន្ធ និងភាពជាដៃគូពាណិជ្ជកម្ម។ ឥណ្ឌូណេស៉ី និងសហរដ្ឋអាមេរិក ក៏កំពុងសម្លឹងមើលភាពជាដៃគូ ក្នុងវិស័យរ៉ែសំខាន់ៗផងដែរ ដោយឥណ្ឌូណេស៉ី បានលើកឡើងពីទុនបម្រុងនៃរ៉ែនីកែល ទង់ដែង និង cobalt របស់ខ្លួន។

គួរបញ្ជាក់ថា នៅក្នុងកិច្ចចរចាពន្ធគយ ឥណ្ឌូណេស៉ី បានលើកសំណើកាត់បន្ថយពន្ធលើផលិតផលអាមេរិក ឱ្យជិតដល់កម្រិតសូន្យ ហើយបង្កើនការទិញ និងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូណេស៉ី ដែលមានតម្លៃប្រហែល ៣៤ពាន់លានដុល្លារ។ ប្រទេសទាំងពីរនឹងបង្កើនកិច្ចចរចា ក្នុងរយៈពេល ៣សប្តាហ៍ខាងមុខ៕