(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា យោធាតៃវ៉ាន់ បានសម្ញែងសមត្ថភាពរបស់រថក្រោះ M1A2T Abrams ដំបូងរបស់ខ្លួន ដែលទទួលបានពីសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២៤ ចំពោះមុខការបង្កើនសម្ពាធពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រថក្រោះ Abrams ចំនួន៤គ្រឿង បានបង្ហាញវត្តមានអំឡុងលំហាត់បាញ់គ្រាប់ពិត ក្នុងស្រុក Hsinchu នៅថ្ងៃទី២ នៃការធ្វើសមយុទ្ធយោធាធំប្រចាំឆ្នាំ ដែលរចនាឡើងដើម្បីវាស់ស្ទង់ភាពធន់ របស់ដែនកោះនេះ ក្នុងករណីផ្ទុះជម្លោះជាមួយចិន។ ក្រុមមន្រ្តីយោធាជាន់ខ្ពស់តៃវ៉ាន់ បាននិយាយថា ពួកគេមានបំណងចង់ឱ្យសមយុទ្ធគ្រប់ជ្រុងជ្រោយនេះ ដែលមានរយៈពេលសរុប១០ថ្ងៃ បង្ហាញទៅកាន់ចិនក៏ដូចជាសហគមន៍អន្តរជាតិ ដែលរួមមានទាំងអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក មើលឃើញថា តៃវ៉ាន់មានឆន្ទៈយ៉ាងរឹងមាំក្នុងការការពារខ្លួនឯង ប្រឆាំងនឹងវាយប្រហារឬក៏ចូលលុកលុយណាមួយពីប្រទេសចិន។

ចិនចាត់ទុកដែនកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាយ៉ាងខ្លាំង​លើតៃវ៉ាន់ ក្នុងរយៈពេលប្រមាណជា៥ឆ្នាំមកនេះ។

គួរបញ្ជាក់ថា រថក្រោះខាងលើ ស្ថិតក្នុងចំណោមរថក្រោះ Abrams ចំនួន៣៨គ្រឿងដំបូង ដែលត្រូវបានប្រគល់មកឱ្យដល់ដៃតៃវ៉ាន់ កាលពីខែធ្នូ ឆ្នាំមុន ហើយនៅសល់ប៉ុន្មានទៀត នៃរថក្រោះសរុបទាំងអស់១០៨គ្រឿង ដែលតៃវ៉ាន់បញ្ជាទិញ ត្រូវបានកំណត់ថា នឹងមកដល់នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ ពួកវាគឺជារថក្រោះថ្មីដំបូងបង្អស់សម្រាប់កោះតៃវ៉ាន់ គិតក្នុងរយៈពេល២៤ឆ្នាំ៕