(គូឡាឡាំពួ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី បាននិយាយថា ចិននឹងចុះហត្ថលេខាលើ​សន្ធិសញ្ញាមួយរបស់អាស៉ីអាគ្នេយ៍ ដែលហាមឃាត់អាវុធនុយក្លេអ៊ែរក្នុងតំបន់នេះ នៅពេលឯកសារនានាត្រូវបានរៀបចំរួចរាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សន្ធិសញ្ញាតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ហៅកាត់ថា SEANWFZ ត្រូវបានដាក់ឱ្យចូលជាធរមានចាប់តាំងពីឆ្នាំ១៩៩៧ ដោយវារឹតត្បិតឱ្យសមាជិកអាចប្រើប្រាស់ថាមពលនុយក្លេអ៊ែរបាន សម្រាប់តែគោលដៅសន្តិភាព ដូចជាការបង្កើតថាមពលប៉ុណ្ណោះ។ ក្រុមប្រទេសនៃសមាគមន៍ប្រជាជាតិអាស៉ីអាគ្នេយ៍ ឬអាស៊ាន មានគោលដៅចង់ឱ្យប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងឡាយ ដូចជា​ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៉ី និងបារាំង នាំគ្នាចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញានេះ រួចប្តេជ្ញាមិនប្រើប្រាស់ ឬដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន និងប្រទេសដៃគូមួយចំនួនទៀត នៅទីក្រុងគូឡាឡាំពួ ប្រមុខការទូតម៉ាឡេស៉ី លោក Mohamad Hasan បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ចិនបានផ្តល់ការប្តេជ្ញាដើម្បីធានាថា ខ្លួននឹងចុះហត្ថលេខាលើ​សន្ធិសញ្ញានេះ ដោយគ្មានភាពស្ទាក់ស្ទើរឡើយ»។ ភ្លាមៗនេះ ខាងទីក្រុងប៉េកាំង មិនទាន់ឃើញនិយាយបែបណានៅឡើយទេ ជុំវិញការលើកឡើងរបស់លោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី ប៉ុន្តែកាលពីសប្តាហ៍មុន ចិនបាននិយាយថា ខ្លួនគាំទ្រយ៉ាងមុតមាំចំពោះ​សន្ធិសញ្ញា SEANWFZ ហើយមានឆន្ទៈដើរមុនគេ ក្នុងការចុះសន្ធិសញ្ញានេះ៕