(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូននិងមីស៉ីលរុស្ស៉ីលើរដ្ឋធានីកៀវ បានសម្លាប់មនុស្សយ៉ាងហោច២នាក់ ហើយប្រហែលជាង១០នាក់ បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការវាយប្រហារខាងលើកើតឡើង ស្របពេលដែលរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov គ្រោងជួបជាមួយសមភាគីអាមេរិក លោក Marco Rubio នៅឯប្រទេសម៉ាឡេស៉ី។ ប្រមុខរដ្ឋបាលយោធាតំបន់កៀវ បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំ កាលពីវេលាយប់កន្លងទៅរបស់រុស្ស៉ី បានប្រព្រឹត្តទៅរយៈពេលជិត១០ម៉ោង។ ខណៈមនុស្ស២នាក់បានស្លាប់ ក្នុងការវាយប្រហារនោះ ១៣នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសនេះ គឺមួយថ្ងៃបន្ទាប់ពី រុស្ស៉ីទើបតែបានបើកការវាយប្រហារដោយដ្រូននិងមីស៉ីលដ៏ធំបំផុតលើអ៊ុយក្រែន ផ្តាច់ជីវិតមនុស្សយ៉ាងហោចម្នាក់។ អ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនសរុប៧២៨គ្រឿង ព្រមជាមួយមីស៉ីល១៣គ្រាប់ ក្នុងការវាយប្រហាររបស់ខ្លួននាពេលនោះ ប៉ុន្តែភាគច្រើនត្រូវបានបាញ់ស្ទាក់។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ក្រុមមន្រ្តីអ៊ុយក្រែននិងរុស្ស៉ី បានបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយគ្នា ចំនួន២លើក ហើយបានឯកភាពបង្កើនការដោះដូរឈ្លើយសឹក ប៉ុន្តែមិនទាន់សម្រេចបានវឌ្ឍនភាព សម្រាប់កិច្ចប្រឹងប្រែងធានាឱ្យបានបទឈប់បាញ់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ុយក្រែន នៅឡើយទេ៕