(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងយកពន្ធ ៥០ភាគរយ លើការនាំចូលទាំងអស់ពីប្រេស៉ីល ខណៈការប្រកាសដាក់ពន្ធនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ប្រាប់លោក ត្រាំ ថាពិភពលោកនេះមិនត្រូវការអធិរាជឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥។

នៅក្នុងលិខិតមួយ លោក ត្រាំ បានភ្ជាប់បញ្ហាពន្ធគយ ទៅនឹងការប្រព្រឹត្តរបស់អតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro ដែលកំពុងត្រូវបានកាត់ទោស ជុំវិញការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារ។ ជាការឆ្លើយតប លោក Lula បាននិយាយថា ពន្ធថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវឆ្លើយតបដោយវិធានការពន្ធបដិការ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រេស៉ីល បន្ទាប់ពីចិន។ ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការយកពន្ធពីប្រេស៉ីលរហូតដល់ ៥០ភាគរយនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ហើយត្រូវអនុវត្តចំពោះគ្រប់វិស័យទាំងអស់៕