(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវពន្ធថ្មីចំនួន ៥០ភាគរយលើទង់ដែង ដែលនឹងចាប់អនុវត្តរួមជាមួយផលិតផលផ្សេងទៀត នាថ្ងៃទី១ ខែសីហា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍក្នុងស្រុក នូវឧស្សាហកម្មប្រភេទណាដែលមានសារៈសំខាន់ ចំពោះវិស័យការពារជាតិ អេឡិចត្រូនិក និងរថយន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥។
សេតវិមាន នៅក្នុងខែកុម្ភៈ បានបញ្ជាឱ្យមានការពិនិត្យមាត្រាទី ២៣២ លើការនាំចូលទង់ដែង ដោយប្រើច្បាប់មួយ ដែលផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការដាក់ពន្ធខ្ពស់ ផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។ លោក ត្រាំ គូសបញ្ជាក់ថា «ទង់ដែង គឺចាំបាច់សម្រាប់ផលិតផល Semiconductors យន្តហោះចម្បាំង នាវា គ្រាប់រំសេវ Data Centers ថ្មអគ្គិសនី ប្រព័ន្ធរ៉ាដា ខែលប្រឆាំងមីស៉ីល និងសូម្បីតែអាវុធល្បឿនលឿនជាងសំឡេង ដែលយើងកំពុងផលិតយ៉ាងច្រើន»។
តាមទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រ សហរដ្ឋអាមេរិក ពឹងផ្អែកលើការនាំចូលជិតពាក់កណ្តាលនៃតម្រូវការទង់ដែងចម្រាញ់រួច ហើយបាននាំចូល ៨១០ ០០០តោននៅក្នុងឆ្នាំ ២០២៤។ ប្រទេសដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធថ្មីនេះ គឺឈីលី កាណាដា និងម៉ិកស៉ិក ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំសម្រាប់ទង់ដែងចម្រាញ់រួច លោហធាតុស្ពាន់ និងផលិតផលទង់ដែង ដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤៕