(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៩ ខែកក្កដា បាននិយាយថាខ្លួនបានដាក់ទណ្ឌកម្មលើលោកស្រី Francesca Albanese ដែលជា អ្នករាយការណ៍ពិសេសអំពីសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងដែនដីប៉ាឡេស្ទីន និងជាអ្នករិះគន់ឥតសំច្ចៃមាត់លើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺ អ៉ីស្រាអែលជុំវិញសង្រ្គាមនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំបានសម្រេចដាក់ទណ្ឌកម្មលើ អ្នករាយការណ៍ពិសេសអំពីសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Francesca Albanese ចំពោះកិច្ចប្រឹងប្រែងខុសច្បាប់ និងដ៏អាម៉ាសរបស់ លោកស្រីដើម្បីអុជអាលឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ធ្វើសកម្មភាពប្រឆាំងក្រុមមន្ត្រី ក្រុមហ៊ុន និងក្រុមនាយកប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល»។
គួរបញ្ជាក់ថា ជាការឆ្លើយតប លោកស្រី Francesca Albanese បានបង្ហោះសារកាលពីថ្ងៃពុធថាលោកស្រីឈរនៅខាងភាពយុត្តិធម៌ជានិច្ច ដោយមិនបាននិយាយចំៗចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងលោកស្រីនោះទេ។ តែក្នុងសម្រង់សម្ដីមួយចេញផ្សាយដោយសារព័ត៌មាន Al Jazeera លោកស្រីបានចាត់ទុកទណ្ឌកម្មអាមេរិកជាទង្វើរបស់ពួកម៉ាហ្វីយ៉ា (mafia)៕