(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក ២នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី៩ ខែកក្កដាថាសហរដ្ឋអាមេរិកកំពុងបញ្ជូនគ្រាប់កាំភ្លើងធំ និងប្រព័ន្ធមីស៊ីលទៅឱ្យអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យទីក្រុងកៀវ។

ការផ្អាកការប្រគល់អាវុធមួយចំនួនទៅឱ្យអ៊ុយក្រែនកាលពីសប្ដាហ៍មុន ត្រូវបានក្រុមមន្ត្រីអាមេរិកអះអាងថាដោយសារការព្រួយបារម្ភពីការធ្លាក់ចុះស្ដុកអាវុធ របស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ លោក ត្រាំ បាននិយាយថារូបលោកមិនបានដឹងនោះទេថាតើនរណាជាអ្នកបញ្ជាឱ្យផ្អាកការប្រគល់អាវុធ ហើយថារូបលោក នឹងបញ្ជូនអាវុធបន្ថែមទៅឱ្យអ៊ុយក្រែន ដោយផ្តោតចម្បងលើប្រភេទអាវុធការពារខ្លួនដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការកើនឡើងការវាយប្រហារតាម ផ្លូវអាកាសពីរុស្ស៉ី។

មន្ត្រីអាមេរិក២នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថាគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ និងប្រព័ន្ធមីស៊ីល GMLRS កំពុងដឹកជញ្ជូន ទៅឱ្យអ៊ុយក្រែន។ មន្ត្រី២រូបនេះមិនបានបញ្ជាក់ថាតើមានអាវុធចំនួនប៉ុន្មានត្រូវបញ្ជូនទៅឱ្យទីក្រុងកៀវនោះទេ ឬក៏ថាតើអាវុធទាំងនោះត្រូវបានបញ្ជូនទៅ ដល់ដៃអ៊ុយក្រែនហើយ ឬក៏យ៉ាងណានោះដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកបានបញ្ជាឱ្យពង្រីកកិច្ចសន្យាមួយ ជាមួយសហរដ្ឋអាមេរិក ដើម្បីធានាការប្រគល់អាវុធសំខាន់ៗ ជាពិសេសគឺប្រព័ន្ធការពារដែនអាកាស៕