(អ៊ីស្លាម៉ាបាដ)៖ ក្រុមហ៊ុន YouTube ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alphabet បានជូនដំណឹងដល់អ្នករិះគន់រដ្ឋាភិបាលប៉ាគីស្ថានជាង ២០នាក់ថា ខ្លួនកំពុងពិចារណាបិទឆានែលរបស់ពួកគេ បន្ទាប់ពីតុលាការក្នុងស្រុកមួយបានចេញដីកាស្នើឲ្យមានការហាមឃាត់ ដោយចោទប្រកាន់ថាឆានែលទាំងនោះ «ប្រឆាំងនឹងរដ្ឋ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមដីការបស់តុលាការក្រុងអ៊ីស្លាម៉ាបាដ ចុះថ្ងៃទី២៤ ខែមិថុនា ដែល Reuters បានឃើញ ឆានែលដែលអាចនឹងត្រូវបិទនៅក្នុងប្រទេសប៉ាគីស្ថាន រួមមានឆានែលរបស់គណបក្សប្រឆាំង នៃអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ និងអ្នកសារព័ត៌មានដែលរិះគន់រដ្ឋាភិបាល។ ដីកានេះត្រូវបានចេញ បន្ទាប់ពីទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាតិ (NCCIA) បានរិះគន់ឆានែលទាំងនេះថាបាន «ចែករំលែកខ្លឹមសារដែលបង្កការបំភិតបំភ័យ ញុះញង់ និងបន្ទាបបន្ថោកប្រឆាំងនឹងស្ថាប័នរដ្ឋ និងមន្ត្រីរបស់រដ្ឋ»។

ទោះជាយ៉ាងណា អ្នកការពារសិទ្ធិឌីជីថលបានព្រមានថា ការហាមឃាត់ណាមួយនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់សេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសប៉ាគីស្ថាន ដែលអាជ្ញាធរត្រូវបានគេចោទប្រកាន់ថាបានរឹតត្បិតកាសែត និងទូរទស្សន៍ ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានគេមើលឃើញថា ជាច្រកចេញចុងក្រោយមួយសម្រាប់ការបញ្ចេញមតិជំទាស់។

គួរបញ្ជាក់ថា ក្រុមហ៊ុន YouTube បានផ្ញើអ៊ីមែលទៅកាន់ម្ចាស់ឆានែលចំនួន ២៧ ដោយព្រមានថា ឆានែលរបស់ពួកគេអាចនឹងត្រូវបានដកចេញ ប្រសិនបើពួកគេមិនគោរពតាមដីការបស់តុលាការ៕