(សមុទ្រក្រហម)៖ នាវាដឹកទំនិញមួយគ្រឿងដែលគ្រប់គ្រងដោយក្រុមហ៊ុនក្រិក បានលិចនៅសមុទ្រក្រហម បន្ទាប់ពីរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ ខណៈ ១៤នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមប្រភពពីក្រុមហ៊ុនសន្តិសុខ នាវាឈ្មោះ Eternity C បានលិចកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីរងការវាយប្រហារជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ និងអង្គារ។ នេះគឺជាកប៉ាល់ទីពីរហើយដែលបានលិចក្នុងរយៈពេលពីរថ្ងៃ ដោយក្រុមហ៊ូទីបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើកប៉ាល់ទីមួយឈ្មោះ Magic Seas។ ប្រភពសន្តិសុខដែនសមុទ្របានឲ្យដឹងថា នាវា Eternity C ត្រូវបានវាយប្រហារដោយដ្រូនសមុទ្រ និងគ្រាប់រ៉ុក្កែតដែលបង្ខំឲ្យនាវិក និងឆ្មាំប្រដាប់អាវុធលោតចុះទឹក។
នាវិកទាំង ៧នាក់ដែលត្រូវបានជួយសង្គ្រោះ បានចំណាយពេលជាង ២៤ម៉ោងនៅក្នុងទឹក។ ក្រុមនាវិកសរុបមានចំនួន ២៥នាក់ រួមមានជនជាត់ហ្វីលីពីន ២១នាក់ រុស្ស៊ី ១នាក់ និងឆ្មាំប្រដាប់អាវុធ ៣នាក់។ ប្រសិនបើការស្លាប់ទាំង ៤នាក់ត្រូវបានបញ្ជាក់ នោះវានឹងជាករណីស្លាប់លើកដំបូងពីការវាយប្រហារលើនាវានៅសមុទ្រក្រហម ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ូទី ដែលគាំទ្រដោយអ៉ីរ៉ង់ បានប្រកាសបន្តយុទ្ធនាការវាយប្រហារលើនាវាពាណិជ្ជកម្មឡើងវិញ។ ក្រុមនេះបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ សមុទ្រក្រហម គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ និងប្រេងរបស់ពិភពលោក ដែលចរាចរណ៍បានធ្លាក់ចុះចាប់តាំងពីយុទ្ធនាការរបស់ក្រុមហ៊ូធីបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣៕