(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធថា ខ្លួនមានភស្តុតាងដែលបង្ហាញថា អ៊ុយក្រែនបានប្រើប្រាស់មីនប្រឆាំងមនុស្សម្តងហើយម្តងទៀត ដែលបានធ្វើឲ្យជនស៊ីវិលរងរបួស ដូច្នេះការដកខ្លួនរបស់អ៊ុយក្រែនចេញពីអនុសញ្ញាហាមឃាត់មីន (អនុសញ្ញាអូតាវ៉ា) គឺគ្មានន័យអ្វីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា «ការប្រើប្រាស់មីនប្រឆាំងមនុស្សដោយរបបក្រុងកៀវប្រឆាំងនឹងជនស៊ីវិល ត្រូវបានកត់ត្រាទុកជាប្រចាំដោយអាជ្ញាធរអនុវត្តច្បាប់របស់យើង»។ លោកស្រីបានចាត់ទុកការសម្រេចចិត្តដកខ្លួនរបស់អ៊ុយក្រែនថា ជាផ្នែកមួយនៃ «វិធីសាស្រ្តរួមរបស់ក្រុមប្រទេសបស្ចិមលោក និងបក្ខពួករបស់ខ្លួន ក្នុងការកែប្រែនិងបំផ្លាញប្រព័ន្ធច្បាប់អន្តរជាតិ»។
កាលពីខែមុន អ៊ុយក្រែនបានប្រកាសដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដោយលើកឡើងថា វាជាជំហានចាំបាច់ក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយព្រមទាំងបានចោទប្រកាន់រុស្ស៊ី ដែលមិនមែនជាភាគីនៃសន្ធិសញ្ញានេះថា បានប្រើប្រាស់មីនយ៉ាងទូលំទូលាយ។
ទន្ទឹមនឹងនេះ ប្រទេសសមាជិកណាតូពីរគឺ លីទុយអានី និងហ្វាំងឡង់ ក៏បានបង្ហាញពីបំណងចង់ដកខ្លួនចេញពីអនុសញ្ញានេះផងដែរ ដើម្បីចាប់ផ្តើមផលិតមីនប្រឆាំងមនុស្សឡើងវិញ សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងអ៊ុយក្រែន ដោយសារការគំរាមកំហែងពីរុស្ស៊ី។
គួរបញ្ជាក់ថា រុស្ស៊ីច្រានចោលការអះអាងថា ខ្លួននឹងវាយប្រហារសមាជិកណាតូ ថាជា «រឿងឥតបានការ» ដែលមានមនោគមវិជ្ជាប្រឆាំងរុស្ស៊ី ដែលផ្សព្វផ្សាយដោយមហាអំណាចអឺរ៉ុប៕