(ខេត្តសៀមរាប)៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលស្រុកបន្ទាយស្រី និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសចិន មកពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន បានសហការជាមួយក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកបន្ទាយស្រី រៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនកុមារ នៅតាមសាលាបឋមសិក្សានានាក្នុងស្រុកបន្ទាយស្រី។

លោក ងន ប៊ុនធី អភិបាលរងស្រុបន្ទាយស្រី បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងស្វែងរកកុមារអាយុក្រោម ១៤ឆ្នាំដែលជំងឺបេះដូងពីកំណើត ដើម្បីទទួលយកការព្យាបាលដោយឥតគិតថ្លៃ ទាំងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ទាំងនៅមន្ទីរពេទ្យបេះដូង ​Fuwai ខេត្តយូណាន។ លោកអភិបាលរងស្រុក បានបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក ក្រោមកិច្ចសហការរវាងរដ្ឋបាលស្រុកបន្ទាយស្រីជាមួយអង្គការ YUNDI ខេត្តយូណាន មូលនិធិចិន PEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សកម្មភាពចុះពិនិត្យសុខភាពនៅតាមសាលាបឋមសិក្សានេះ បានរៀបចំជាទៀងទាត់រៀងរាល់ឆ្នាំ លើកលែងក្នុងអំឡុងពេលនៃវិបត្តិជំងឺ Covid-១៩ ពីឆ្នាំ២០២០-២០២៣ ដោយសរុបមកទល់ពេលនេះ មានកុមារចំនួន៧រូប នៅក្នុងស្រុកបន្ទាយស្រីត្រូវបានជាសះស្បើយទាំងស្រុងពី ជំងឺបេះដូងពីកំណើតក្រោយទទួលបាន ការវះកាត់និងព្យាបាលដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន។ លោកបានវាយតម្លៃថា សកម្មភាពនេះបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងផ្នែកវេជ្ជសាស្រ្ត និងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កាន់តែខ្លាំងក្លាបន្ថែមទៀត។

លោកវេជ្ជបណ្ឌិត សាក់ សុភ័ក្រ ប្រធានមណ្ឌលសុខភាពស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការពិនិត្យសុខភាពបេះដូង តាមរយៈការត្រួតពិនិត្យអេកូបេះដូង មិនត្រឹមគូសរំលេចពីទំនើបកម្មផ្នែកសម្ភារៈនិងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ នូវបទពិសោធន៍វេជ្ជសាស្រ្តកាន់តែច្រើនដល់គ្រូពេទ្យកម្ពុជា និងការចាក់បញ្ចូលនូវទំនាក់ទំនងនៃការផ្ទេរពុទ្ធិកាន់តែប្រសើរ រវាងក្រុមគ្រូពេទ្យនៃប្រទេសយើងទាំងពីរ។

លោក Lu Jiang តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន បានមានប្រសាសន៍ថា ដោយមានគ្រូពេទ្យឯកទេសជំងឺបេះដូងពី ប្រទេសចិនចំនួន១៤រូប មកពីបណ្តាមន្ទីរពេទ្យនានាក្នុងប្រទេសចិន បានជំរុញល្បឿននៃការពិនិត្យសុខភាពបេះដូង ជូនកុមារកម្ពុជាក្នុង១ថ្ងៃនេះបានចំនួន១៣៤២នាក់ ក្នុងនោះយើងរកឃើញកុមារចំនួន ១នាក់ដែលនឹងត្រូវបញ្ជូនទៅវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។ បន្ថែមពីលើនេះ លោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គពាក់ព័ន្ធនានាដែលបានជួយសម្របសម្រួល នាំឱ្យសកម្មភាពនាឆ្នាំនេះ ទទួលបានការចូលរួមដោយផ្ទាល់ពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសមួយចំនួនថែមទៀត ព្រមទាំងឯកភាពរៀបចំសន្និសីទរួមគ្នានៅរាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីអង្គការសហប្រជាជាតិថែមទៀត។

លោក​ Liu Wenzhi តំណាងមូលនិធិចិន Peaceland បានសាទរនឹងជោគជ័យនៃការវះកាត់និងព្យាបាលជំងឺបេះដូង ពីកំណើតជូនដល់កុមារកម្ពុជាចំនួន១២២រូបកន្លងមក ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អ រវាងគ្រប់អង្គពាក់ព័ន្ធទាំងអស់ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺបេះដូងពីកំណើត ហើយមូលនិធិចិន Peacelandនឹងបន្តសកម្មភាពមនុស្សធម៌នេះបន្ថែមទៀត​ ដើម្បីធ្វើទំនើបកម្មសម្ភារវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតនេះ តាមរយៈការផ្តល់អំណោយរថយន្តពេទ្យចល័តមួយគ្រឿង មកសមាគមមិត្តភាពកម្ពុជា-ចិន នាចុងខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងនាមគ្រួសារដែលកូនរបស់ខ្លួនជាសះស្បើយពីជំងឺបេះដូង ពីកំណើតក្រោយទទួលបានការវះកាត់និងព្យាបាល នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន លោកស្រី ម៉ន សាម៉ុន បានរៀបរាប់ថា កូនស្រីរបស់លោកស្រី ជាក្មេងទី១២២ ដែលបានជាសះស្បើយពីជំងឺបេះដូងពីកំណើតនេះ បានផ្តល់ក្តីសង្ឃឹមនិងជីវិតថ្មីដល់កូនរបស់លោកស្រី ហើយក៏ជាគុណបំណាច់ដ៏ថ្លៃថ្លា នៃកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមគ្រូពេទ្យកម្ពុជា-ចិន ក្រោមទម្រដ៏រឹងមាំនៃមិត្តភាពដែកថែប រវាងប្រទេសយើងទាំងពីរ។ លោកស្រី បន្ថែមថា ប្រសិនជាមិនមានកម្មវិធីចុះមកពិនិត្យសុខភាពបេះដូងជូនកុមារនៅកម្ពុជាទេ ច្បាស់ណាស់ថា សុខភាពកូនរបស់លោកស្រី មិនដឹងជាត្រូវប្រឈមមុខបែបណានោះទេ។ លោកស្រីក៏បានចាត់ទុកថា កម្មវិធីពិនិត្យសុខភាពបេះដូងជូនកុមារនៅតាមសាលាបឋមសិក្សា តាមរយៈក្រុមគ្រូពេទ្យកម្ពុជា-ចិន គឺជាស្ពាននៃក្តីសង្ឃឹម និងអនាគតដ៏ប្រពៃរបស់កុមារកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន