(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងប្រកាសពន្ធលើឱសថនាំចូល ដែលអាចមានអត្រា ២០០ភាគរយ ប៉ុន្តែនឹងផ្តល់ពេលឱ្យអ្នកផលិតប្រហែលមួយឆ្នាំ ដើម្បីដោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ ២០២៥។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ដូច្នេះថា «យើងនឹងផ្តល់ពេលមួយឆ្នាំ ឬមួយឆ្នាំកន្លះ ហើយបន្ទាប់មកនឹងយកពន្ធ។ បើគេនាំឱសថចូលមកក្នុងប្រទេស គេនឹងត្រូវបានគេយកពន្ធក្នុងអត្រាខ្ពស់ខ្លាំងណាស់ ដូចជា ២០០ភាគរយ»។ តាមរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ព័ត៌មានលម្អិតស្តីពីពន្ធលើឱសថ នឹងចេញនៅចុងខែនេះ។
ក្រុមហ៊ុនផលិតឱសថ បានអះអាងថា ពន្ធគយអាចនាំឱ្យមានកង្វះខាតឱសថ និងជះឥទ្ធិពលដល់អ្នកជំងឺ។ ពួកគេកំពុងបញ្ចុះបញ្ចូល លោក ត្រាំ ឱ្យបញ្ឈប់ការដំឡើងពន្ធ ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយផលប៉ះពាល់ និងមានពេលវេលាបន្ថែមដើម្បីផ្លាស់ប្តូរ ដំណើរការផលិតរបស់ខ្លួន៕