(បាងកក)៖ អាជ្ញាធរថៃ បានចុះធ្វើតេស្តគ្រឿងញៀន លើបុគ្គលិកសាលាខេត្ត Nakhon Ratchasima ប្រហែល ២០០នាក់ កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា បន្ទាប់ពីមនុស្ស ១៦៧នាក់ ដែលមានថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃ១អង្គ ត្រូវបានធ្វើតេស្តវិជ្ជមាន កាលពីខែមុន នៅក្នុងស្រុកទាំង៣២ នៃខេត្តនេះ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្ត។

អភិបាលខេត្ត Nakhon Ratchasima លោក Chaiwat Chuenkosum បានបញ្ជាឱ្យធ្វើតេស្តបុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន ក៏ដូចជាបុគ្គលិកកិច្ចសន្យាទាំងអស់នៃសាលាខេត្ត។ នេះជាផ្នែកមួយនៃយុទ្ធនាការ បង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។ ចំណែក លទ្ធផលនៃការធ្វើតេស្ត មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីខែមុន មនុស្សសរុបចំនួន ៣៤ ០២២នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ នៅទូទាំង ៣២ស្រុក។ ក្នុងនោះ ១៦៧នាក់មានតេស្តវិជ្ជមាន ដែលរួមមានអ្នកធ្វើការស្ម័គ្រចិត្ត២នាក់ មេភូមិ ២នាក់ ជំនួយការមេភូមិ ៥នាក់ ព្រះសង្ឃ ១អង្គ ពលរដ្ឋទូទៅ១៤៧នាក់ និងអ្នកផ្សេងទៀត១០នាក់៕