(ព្រុចសែល)៖ លទ្ធផលវិភាគសិក្សាវិទ្យាសាស្រ្តមួយ ចេញផ្សាយនៅថ្ងៃពុធ ទី៩ ខែកក្កដា បានបង្ហាញថា មនុស្សប្រមាណ ២៣០០នាក់ បានបាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធជាមួយអាកាសធាតុក្តៅ នៅទីក្រុងចំនួន១២នៃទ្វីបអឺរ៉ុប អំឡុងបាតុភូតរលកកម្តៅធ្ងន់ធ្ងរ ដែលទើបតែបានបញ្ចប់ទៅវិញ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការសិក្សានេះបានផ្តោតទៅលើរយៈពេល១០ថ្ងៃ ដែលបញ្ចប់កាលពីថ្ងៃទី២ ខែកក្កដា ខណៈអំឡុងពេលនោះ តំបន់ភាគខាងលិចអឺរ៉ុបមួយផ្នែកធំ បានស្ថិតក្រោមការវាយប្រហារដោយរលកកម្តៅ ជាមួយសីតុណ្ហភាពកើនហួស៤០អង្សាសេ និងភ្លើងឆេះព្រៃរីករាលដាលនៅប្រទេសមួយចំនួន។
យោងតាមការសិក្សា ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅគ្រឹះស្ថានអប់រំ Imperial College London និង London Schoolof Hygiene and Tropical Medicine ក្នុងចំណោមមនុស្ស ២៣០០នាក់ ដែលត្រូវបានវាយតម្លៃថាស្លាប់អំឡុងរយៈពេល១០ថ្ងៃខាងលើ មាន១៥០០ករណី ត្រូវបានភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ ដែលជាកត្តាបង្កឱ្យបាតុភូតរលកកម្តៅ កាន់តែមានសភាពធ្ងន់ធ្ងរ។
លោក Ben Clarke អ្នកស្រាវជ្រាវនៅ Imperial College London បាននិយាយថា ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យសីតុណ្ហភាពអំឡុងរលកកម្តៅ កើនឡើងខ្លាំងជាងធម្មតា ហេតុនេះហើយនាំឱ្យវាកាន់តែមានគ្រោះថ្នាក់ឆ្ងាយជាងមុន។ ការសិក្សាខាងលើ ត្រូវបានផ្តោតចំពោះទីក្រុងចំនួន១២នៅអឺរ៉ុប រួមមានទាំង Barcelona, Madrid, London និង Milan ជាទីដែលអ្នកវិទ្យាសាស្រ្តនិយាយថា ការប្រែប្រួលអាកាសធាតុ បានបង្កើនសីតុណ្ហភាពរលកកម្តៅ៤អង្សាសេ។
គួរបញ្ជាក់ថា ខែមុន គឺជាខែមិថុនាដែលក្តៅបំផុតលំដាប់ទី៣ក្នុងកំណត់ត្រា សម្រាប់ភពផែនដី នៅពីក្រោយខែមិថុនា កាលពីឆ្នាំ២០២៤ និងខែមិថុនា ឆ្នាំ២០២៣។ សម្រាប់តំបន់ភាគខាងលិចអឺរ៉ុប ខែមិថុនា ឆ្នាំនេះ គឺជាខែមិថុនា ដែលក្តៅជាងគេបង្អស់ក្នុងកំណត់ត្រា៕