(គូឡាឡាំពួ)៖ នៅថ្ងៃពុធ ទី៩ ខែកក្កដា រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី បានទទូចឱ្យគ្រប់ភាគីទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តញាំញីដោយជម្លោះ បង្កើតបរិយាកាសអំណោយសម្រាប់ការរៀបចំការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រមុខការទូតម៉ាឡេស៉ី លោក Mohamad Hasan បានលើកឡើងដូចខាងលើ អំឡុងការថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា តើការអត្ថាធិប្បាយរបស់លោក ជាសញ្ញាបង្ហាញថា ម៉ាឡេស៉ីដែលជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំនេះ ផ្តល់ការគាំទ្រចំពោះផែនការរៀបចំការបោះឆ្នោត របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឬក៏យ៉ាងណា។

កាលពីចុងខែមិថុនាកន្លងទៅ ប្រមុខរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បានបន្តសន្យាថា ការបោះឆ្នោតសកល នឹងរៀបចំឡើងនៅចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ តាមការគ្រោងទុក។ យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៉ីវិលកាលពីឆ្នាំ២០២១ ដែលជាហេតុនាំប្រទេសធ្លាក់ទៅក្នុង​សង្រ្គាមស៉ីវិលមកទល់សព្វថ្ងៃ។

គួរបញ្ជាក់ថា យោធាបានព្យាយាមលើកកម្ពស់ ផែនការបោះឆ្នោតរបស់ខ្លួន ថាជាគន្លងផ្លូវមួយឆ្ពោះទៅរកសន្តិភាព។ ក៏ប៉ុន្តែស្របពេលដែល សមាជិកអតីតរដ្ឋាភិបាលបន្តជាប់ឃុំឃាំង ហើយក្រុមប្រឆាំងគ្រោងធ្វើពហិការការបោះឆ្នោត បូករួមជាមួយទឹកដីមួយផ្នែកធំរបស់ប្រទេស ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងក្រុមឧទ្ទាម ក្រុមអង្កេតការណ៍អន្តរជាតិយល់ឃើញថា ការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព ទំនងជាមិនអាចទៅរួចនោះទេ៕