(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការកើនឡើងនូវអ្នកស្លាប់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលលោកបានយល់ព្រមបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ហើយកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ ២០២៥។
ដោយកត់សម្គាល់លើការស្លាប់នៃទាហានរុស្ស៉ី និងអ៊ុយក្រែនរាប់ម៉ឺននាក់ អំឡុងកិច្ចប្រជុំជាមួយក្រុមមន្រ្តីនៃគណៈរដ្ឋមន្ត្រី លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំមិនសប្បាយចិត្តទេ ជាមួយលោក ពូទីន។ ខ្ញុំអាចនិយាយបាននៅពេលនេះ។ យើងធ្លាប់ជជែកគ្នាច្រើន ប៉ុន្តែគ្រប់យ៉ាងដូចជាអត់ន័យ»។ លោក ត្រាំ បានឱ្យដឹងបន្ថែមថា លោកកំពុងពិចារណាថា តើត្រូវគាំទ្រដល់សេចក្តីព្រាងច្បាប់នៅក្នុងព្រឹទ្ធសភា ដែលនឹងដាក់ទណ្ឌកម្មខ្លាំងក្លាលើរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែនឬយ៉ាងណា។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់មួយ ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ក៏នឹងដាក់ទណ្ឌកម្មតាមរយៈការយកពន្ធ ៥០០ភាគរយពីប្រទេសណា ដែលទិញប្រេង ឧស្ម័ន អ៊ុយរ៉ាញ៉ូមពីរុស្ស៉ី និងការនាំចេញផ្សេងទៀតផងដែរ៕