(វ៉ាស៉ីនតោន)៖ តម្លៃរថយន្តមួយទឹករបស់សហរដ្ឋអាមេរិក បានហក់ឡើងវិញកាលពីខៃមុន បន្ទាប់ពីធ្លាក់ចុះអំឡុងពេលកូវីដ១៩ និងជាការកើនឡើងដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងរយៈពេលជិត ៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ ២០២៥។
តម្លៃរថយន្តមួយទឹក បានហក់ឡើងចំពេលដែលតម្លៃ និងការលក់រថយន្តថ្មីកំពុងប្រែប្រួល ដោយសារតែកត្តាពន្ធលើរថយន្ត ដែលដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ពន្ធគយ ២៥ភាគរយរបស់ លោក ត្រាំ លើរថយន្តនាំចូល បានជំរុញឱ្យមានការកើនឡើងនូវការទិញរថយន្តថ្មី អំឡុងនិទាឃរដូវដើមឆ្នាំនេះ ប៉ុន្តែការលក់បានធ្លាក់ចុះវិញយ៉ាងខ្លាំង នៅក្នុងខែឧសភា ហើយបន្តធ្លាក់ចុះម្តងទៀតនៅក្នុងខែមិថុនា។
សន្ទស្សន៍តម្លៃរថយន្តមួយទឹករបស់ Manheim ដែលជាក្រុមហ៊ុនទិញ-លក់រថយន្តនៅអាល្លឺម៉ង់ បានកើនឡើង ១.៦ភាគរយក្នុងខែមិថុនា បើប្រៀបធៀបនឹងខែឧសភា ដោយផ្អែកលើមូលដ្ឋានតម្រូវតាមរដូវកាល និងជាកើនឡើង ៦.៣ភាគរយធៀបនឹងឆ្នាំមុន។ តាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ វាគឺការកើនឡើងច្រើនបំផុតពីមួយឆ្នាំទៅមួយឆ្នាំ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២២។
លោក Jeremy Robb នាយកជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្មនៃក្រុមហ៊ុនទិញ-លក់រថយន្ត Cox Automotive បាននិយាយថា និន្នាការតម្លៃលក់ដុំមានការប្រែប្រួលខ្លាំង ពីព្រោះពន្ធគយពិតជាជះឥទ្ធិពលដល់ការលក់ និងផ្គត់ផ្គង់រថយន្តថ្មី ដែលប៉ះពាល់ដល់ទីផ្សារប្រើប្រាស់៕