(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី៩ ខែកក្កដាថាកូរ៉េខាងត្បូងបានធ្វើមាតុភូមិនិវត្តន៍ជនជាតិកូរ៉េខាងជើង៦នាក់ដែលត្រូវបានជួយសង្រ្គោះនៅឯ សមុទ្រកាលពីប៉ុន្មានខែមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជនជាតិកូរ៉េខាងជើង ៤នាក់ត្រូវបានប្រទះឃើញកាលពីខែឧសភាដោយអាជ្ញាធរកូរ៉េខាងត្បូងនៅក្នុងតំបន់សមុទ្រខាងកើត ឬគេស្គាល់ជាអន្តរជាតិថាសមុទ្រជប៉ុន នៅលើទូកឈើតូចមួយ បន្ទាប់ពីពួកគេរសាត់អណ្តែតចូលទៅក្នុងដែនទឹកភាគខាងត្បូងនៃខណ្ឌចែកដែនសមុទ្ររវាងកូរ៉េទាំង២ និងត្រូវបានជួយសង្រ្គោះ។ កាលពីដើមខែមីនាកន្លងទៅ យោធាកូរ៉េខាងត្បូង ក៏បានរកឃើញទូកឈើមួយផ្សេងទៀត និងជនជាតិកូរ៉េខាងជើង២នាក់ផងដែរ នៅសមុទ្រលឿង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើមាតុភូមិនិវត្តន៍ជនជាតិកូរ៉េខាងជើង ៦នាក់ នៅថ្ងៃនេះ (ថ្ងៃពុធ ទី៩ ខែកក្កដា) តាមសមុទ្រខាងកើត តាមការស្នើសុំរបស់ជនជាតិកូរ៉េខាងជើងទាំង៦ ដែលស្ម័គ្រចិត្តចង់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»

គួរបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ជនជាតិកូរ៉េខាងជើង កើតមានឡើងចំពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបានស្បថចូលកាន់តំណែង កាលពីខែមិថុនា បានសន្យាថាស្ដារទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង ដោយនិយាយថាភាពតានតឹងជាមួយព្យុងយ៉ាងបានជះផលអវិជ្ជមានដល់សេដ្ឋកិច្ច៕