(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃពុធ ទី៩ ខែកក្កដា បានបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ជាមួយការហាត់សមពីរបៀបប្រើប្រាស់ជាក់ស្ដែងនូវប្រព័ន្ធមីស៊ីលដែល ទើបតែទទួលបានពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង ក្នុងករណីមានការវាយប្រហារណាមួយពីចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កងទ័ពសកម្មតៃវ៉ាន់រួមជាមួយនឹងកងទ័ពបម្រុងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ត្រូវបានដាក់ពង្រាយឱ្យចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំឈ្មោះ Han Kuang ដែលប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកក្កដា។ សមយុទ្ធយោធានេះធ្វើឡើងចំពេលចិនកំពុងបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ជាមួយការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំង ស្ទើរតែជាប្រចាំ។
តៃវ៉ាន់បានឆ្លើយតបទៅនឹងការដាក់សម្ពាធពីចិន តាមរយៈការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ព្រមទាំងទិញអាវុធបន្ថែមជាពិសេសដ្រូន ហើយកំពុងបង្ហាញពិភពលោក និងសហរដ្ឋអាមេរិក ថាខ្លួនមានភាពប្រាកដប្រជាក្នុងការពង្រឹងសមត្ថភាពយោធា។ «សមយុទ្ធយោធានឹងបង្ហាញឱ្យពិភពលោកបានឃើញថាយើងមានការប្ដេជ្ញាចិត្តចំពោះ ការការពារខ្លួនឯង ហើយក៏ជាការបញ្ជូនសារមួយទៅចិនផងដែរថាយោធាតៃវ៉ាន់មានទំនុកចិត្ត និងសមត្ថភាពការពារសេរីភាព និងប្រជាធិបតេយ្យ»។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo។
គួរបញ្ជាក់ថា សមយុទ្ធ Han Kuang នៅក្នុងឆ្នាំនេះ ត្រូវបានបន្ថែមរយៈពេលដល់ ១០ថ្ងៃ និង៩យប់ ធៀបទៅនឹងកាលពីឆ្នាំមុនដែលមានរយៈពេល៥ថ្ងៃ និង៤យប់។ ក្នុងឆ្នាំនេះ កងទ័ពបម្រុង ២២ ០០០នាក់ នឹងត្រូវចូលរួមក្នុងសមយុទ្ធ Han Kuang ដែលតៃវ៉ាន់តែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៤មក។ រីឯប្រព័ន្ធមីស៊ីល HIMARS ដែល តៃវ៉ាន់ទើបទទួលបានពីសហរដ្ឋអាមេរិកនឹងត្រូវបានប្រើក្នុងសមយុទ្ធនេះដែរ៕