(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការយកពន្ធគយបន្ថែម ១០ភាគរយលើទំនិញនាំចូល ពីក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ ដែលបានគំរាមយកពន្ធគយបន្ថែម១០ភាគរយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានលើកឡើងជាថ្មីនៅថ្ងៃអង្គារ ទី៨ ខែកក្កដា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅឯសេតវិមានថាការយកពន្ធគយនេះកំពុងដំណើរការទៅមុខ។ «ប្រទេសទាំងឡាយដែលស្ថិតនៅក្នុងអង្គការ BRICS នឹងត្រូវជាប់ពន្ធគយបន្ថែម១០ភាគរយ ក្នុងពេលឆាប់ៗ...ប្រសិនបើពួកគេជាសមាជិកមួយរបស់ BRICS នោះពួកគេនឹងត្រូវជាប់ពន្ធគយ១០ភាគរយ»។
គួរបញ្ជាក់ថា BRICS កាលពីឆ្នាំ២០២៤ បានពង្រីកសមាជិកបន្ថែមក្រៅពីប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជាអ៉ីរ៉ង់ និងឥណ្ឌូណេស៊ីជាដើម៕