(ឡុងដ៍)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារ ទី៨ ខែកក្កដា ថាចក្រភពអង់គ្លេស និងបារាំងត្រូវតែរួបរួមគ្នាដើម្បីទប់ទល់នឹងអស្ថិរភាពដែលកំពុង កើតឡើងនៅជុំវិញពិភពលោក ហើយការពារអឺរ៉ុបពីការពឹងផ្អែកជ្រុលពេកលើសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Macron នៅក្នុងសុន្ទរកថាដ៏កម្រមួយទៅកាន់សភាជាតិអង់គ្លេស បានអបអរសាទរការវិលត្រឡប់មករកទំនាក់ទំនងជិតស្និទ្ធឡើងវិញរវាងបារាំង និងចក្រភពអង់គ្លេស ខណៈរូបលោក បានក្លាយជាមេដឹកនាំអឺរ៉ុបដំបូងគេដែលត្រូវបានអញ្ជើញឱ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេសចាប់តាំងពី Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប)។ លោក Macron បានលើកឡើងដូច្នេះថា «ចក្រភពអង់គ្លេស និងបារាំង ជាថ្មីម្ដងទៀតត្រូវតែបង្ហាញពិភពលោកថាសម្ព័ន្ធភាពរបស់ពួកយើងគឺពិតជាមានសារៈសំខាន់បំផុត ហើយមធ្យោបាយ តែមួយគត់ដើម្បីជម្នះបញ្ហាដែលយើងកំពុងប្រឈម នោះគឺយើងត្រូវរួបរួមគ្នា និងប្រកៀកស្មាគ្នា»

គួរបញ្ជាក់ថា ដោយលើកឡើងពីការគំរាមកំហែងយូរអង្វែងខាងភូមិសាស្ត្រនយោបាយ លោក Macron បានអះអាងថាបារាំង និងចក្រភពអង់គ្លេសក៏គួរតែបារម្ភផងដែរពីការពឹងផ្អែកខ្លាំងពេក លើសហរដ្ឋអាមេរិក និងចិន ហើយលោកយល់ថាប្រទេសទាំង២ត្រូវតែបិទបញ្ចប់ការពឹងផ្អែកខ្លាំងជ្រុលបែបនេះ៕