(តេហេរ៉ង់)៖ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយកាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ប្រធានាធិបតីនៃប្រទេសអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៉ីស្រាអែលដែលបានធ្វើសង្រ្គាមរយៈពេល១២ថ្ងៃជាមួយអ៉ីរ៉ង់ បានប៉ុនប៉ងធ្វើឃាតរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ឆ្លើយតបចំពោះលោក Tucker Carlson ជាអ្នកព័ត៌មានអាមេរិកល្បីឈ្មោះម្នាក់ ដែលបានសួរថា តើលោក Pezeshkian បានជឿថា អ៉ីស្រាអែលបានព្យាយាមសម្លាប់រូបលោកដែរឬអត់នោះ លោកប្រធានាធិបតីអ៉ីរ៉ង់ បាននិយាយដូច្នេះថា «ពិតហើយ ពួកគេបានប៉ុនប៉ងធ្វើបែបនោះ ប៉ុន្តែទទួលបរាជ័យ។ អ៉ីស្រាអែលបានព្យាយាមឆក់យកជីវិតខ្ញុំ។ ខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំមួយ... ពួកគេព្យាយាមទម្លាក់គ្រាប់បែកលើទីតាំង ដែលពួកយើងកំពុងតែរៀបចំកិច្ចប្រជុំនោះ»។
កាលពីថ្ងៃទី១៣ ខែមិថុនា អ៉ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយធំប្រឆាំងប្រទេសអ៉ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធា និងអ្នកវិទ្យាសាស្រ្តកំពូលៗរបស់អ៉ីរ៉ង់។ អំឡុងសង្រ្គាម កាលពីថ្ងៃទី១៦ ខែដដែល នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ពុំបានបដិសេធឡើយ ចំពោះផែនការធ្វើឃាតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដោយអះអាងថា វានឹងបញ្ចប់ជម្លោះ បន្ទាប់ពីមានសេចក្តីរាយការណ៍លេចឡើងពេលនោះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់ការធ្វើយ៉ាងដូច្នោះ។
គួរបញ្ជាក់ថា អ៉ីរ៉ង់និងអ៉ីស្រាអែលបានឈានដល់បទឈប់បាញ់ នៅថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីមនុស្សជាង៩០០នាក់ បានស្លាប់ នៅខាងអ៉ីរ៉ង់ និង២៨នាក់ ក៏បានស្លាប់នៅខាងអ៉ីស្រាអែល។ លោក Khamenei ទើបតែបានបង្ហាញវត្តមានជាសាធារណៈឡើងវិញ ជាលើកដំបូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គិតចាប់តាំងពីសង្រ្គាមជាមួយអ៉ីស្រាអែល៕