(បាងកក)៖ នៅថ្ងៃអង្គារ ទី៨ ខែកក្កដា នាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ លោក Phumtham Wechayachai បាននិយាយថា រូបលោកចង់បានកិច្ចព្រមព្រៀងប្រសើរមួយ បន្ទាប់ពីអត្រាពន្ធគយបដិការ ដែលសហរដ្ឋអាមេរិកគំរាមដាក់លើទំនិញថៃ ត្រូវបានរក្សា​នៅ៣៦ភាគរយដដែល ពោលគឺគ្មានការថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បន្ទាប់ពីខិតខំប្រឹងប្រែងចរចាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន មុនថ្ងៃកំណត់ ៩ កក្កដា ទីក្រុងបាងកកនៅតែរងការគំរាមយកពន្ធក្នុងអត្រាដដែល ដូចទៅនឹងកាលពីពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅខែមេសា ឆ្នាំនេះ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានបញ្ជូនលិខិតទៅប្រទេសជាង១០ ដើម្បីជូនដំណឹងអំពី ​អត្រាពន្ធគយដែលត្រូវបានកំណត់ សម្រាប់ប្រទេសទាំងនោះ ប៉ុន្តែក៏បានពន្យារពេលបន្ថែមទៀតសម្រាប់ការចរចា រហូតដល់ថ្ងៃទី១ ខែសីហា ផងដែរ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងបាងកក លោក Phumtham Wechayachai បាននិយាយដូច្នេះថា «អ្វីដែលសំខាន់បំផុតនោះ គឺយើងរក្សាទំនាក់ទំនងល្អជាមួយអាមេរិក។ នៅពេលដែលយើងវាយតម្លៃស្ថានការណ៍ឡើងវិញរួចរាល់ ខ្ញុំសង្ឃឹមថា យើងនឹងអាចធានាបានកិច្ចព្រមព្រៀងប្រសើរមួយ»

គួរបញ្ជាក់ថា ស្របពេលអត្រាពន្ធសម្រាប់ប្រទេសភាគច្រើន នៅក្នុងចំណោមប្រទេសទាំង១៤ ដែលលោក ត្រាំ បានផ្ញើលិខិតជូនដំណឹងកាលពីថ្ងៃចន្ទ ត្រូវបានរក្សានៅដដែល ឬក្បែរៗអត្រាចាស់ ប្រទេសកម្ពុជា ទទួលបានការបន្ថយចុះអត្រាពន្ធដល់ទៅ១៣ភាគរយ គឺពីអត្រា៤៩ភាគរយ ដែលត្រូវបានប្រកាសកាលពីខែមេសា មកនៅត្រឹម៣៦ភាគរយ ក្រោយកិច្ចខិតខំប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក៕