(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឱ្យដឹងនាថ្ងៃអង្គារ ទី៨ ខែកក្កដាថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីចុងសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំង ស្វែងរកការកសាងភាពជាដៃគូលើវិស័យ AI ថាមពលបៃតង និងសេដ្ឋកិច្ចឌីជីថល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Hobart ដូច្នេះថា «ខ្ញុំទន្ទឹងរង់ចាំទៅទីក្រុងស៊ាងហៃ ប៉េកាំង និង Chengdu ដោយខ្ញុំនឹងទៅកាន់ទីនោះ ចាប់ពីថ្ងៃសៅរ៍នេះ»។ ប្រសិនបើមិនមានការប្រែប្រួលទេ វាក្លាយនឹង​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់ លោក Albanese ទៅ​កាន់​ប្រទេស​ចិន ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រីអូស្រ្តាលៅ បន្ទាប់​ពី​ជាប់​ឆ្នោត​ឡើង​វិញក្នុង​ខែ​ឧសភា។

ទស្សនកិច្ចនេះក៏បានកើតមានឡើងនៅពេលដែលចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី កំពុងស្នើឱ្យមានការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រយៈពេល ១០ឆ្នាំរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងក្នុងវិស័យកសិកម្ម ការរុករករ៉ែ និងស្វែងរកភាពរីកចម្រើននៅវិស័យក្នុងបច្ចេកវិទ្យាថ្មីៗ៕