(RIO DE JANEIRO)៖ ក្រុមប្រទេសកំពុងអភិវឌ្ឍនៅឯកិច្ចប្រជុំកំពូល BRICS កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា បានច្រានចោលការចោទប្រកាន់មួយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាពួកគេមាន គោលនយោបាយប្រឆាំងអាមេរិក ដោយប្រធានាធិបតីប្រេស៊ីលបាននិយាយថាពិភពលោកមិនត្រូវការ «អធិរាជ» នោះទេ បន្ទាប់ពីលោក ត្រាំ គំរាមយកពន្ធបន្ថែម ១០ភាគរយលើប្លុកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិកម្មរបស់លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva កើតមានឡើងក្រោយលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា បានព្រមានថាប្រទេសទាំងឡាយណាដែលយកខ្លួនទៅបៀតនឹង គោលនយោបាយប្រឆាំងអាមេរិករបស់ក្រុមប្រទេស BRICS នឹងត្រូវយកពន្ធគយបន្ថែម ១០ភាគរយ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីការគំរាមយកពន្ធគយរបស់លោក ត្រាំ នៅឯចុងបញ្ចប់នៃកិច្ចប្រជុំ BRICS ក្នុងទីក្រុង Rio de Janeiro លោក Lula បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកបានផ្លាស់ប្ដូរទៅហើយ។ យើងមិនចង់បានអធិរាជនោះទេ»

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ លោក ត្រាំ ធ្លាប់បានព្រមានថា BRICS នឹងត្រូវប្រឈមមុខនឹងការយកពន្ធគយ ១០០ភាគរយ ប្រសិនបើប្លុកមួយនេះព្យាយាមបំផ្លាញតួនាទីលុយដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្ម ពិភពលោក៕