(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថារូបលោកគាំទ្រលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយបង្ហាញលោកប្រធានាធិបតីអាមេរិកនូវ លិខិតមួយច្បាប់ដែលលោកផ្ញើទៅឱ្យគណៈកម្មធិការពានរង្វាន់ណូបែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Netanyahu ធ្វើការប្រកាសបែបនេះនៅឯពិធីលាងសាយភោជន៍ពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៧ ខែកក្កដា នៅសេតវិមាន។ លោក ត្រាំ ទទួលបានការគាំទ្រជាច្រើនសម្រាប់ពានរង្វាន់ ណូបែលសន្តិភាពពីសំណាក់ក្រុមអ្នកគាំទ្រ និងសមាជិកតំណាងរាស្ត្រអាមេរិកដែលមានភក្ដីភាពចំពោះរូបលោកជាច្រើនឆ្នាំមកនេះ ហើយលោក ត្រាំផ្ទាល់ក៏មិនបានលាក់បាំងផងដែរពីកំហឹងរបស់លោក នៅពេល ដែលមិនមានឈ្មោះជាបេក្ខភាពពានរង្វាន់មួយនេះ។
លោក ត្រាំ កន្លងមកបានលើកសរសើរខ្លួនឯងពីការរក្សាសន្តិភាពរវាងអេហ្ស៉ីប និងអេត្យូពី ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព Abraham Accords រវាងអ៉ីស្រាអែល និងប្រទេសអារ៉ាប់មួយចំនួន។ មិនតែប៉ុណ្ណោះ នៅពេលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២នេះ លោក ត្រាំ បានតាំងខ្លួនជាអ្នកស្វែងរកសន្តិភាពដែលនឹងប្រើប្រាស់ជំនាញខាងចរចារបស់លោកដើម្បីបិទបញ្ចប់ សង្រ្គាមហ្កាហ្សា និងនៅអ៊ុយក្រែនឱ្យបានឆាប់រហ័ស បើទោះជាសង្រ្គាមទាំង២នេះនៅតែបន្តកើតឡើងក្នុងពេលជាង ៥ខែ ចាប់តាំងពីរូបលោកឡើងកាន់តំណែងជាថ្មីមកក៏ដោយ៕