(Reuters)៖ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៉ី លោក Roman Starovoit ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្ដរបស់លោកនៅឯជាយទីក្រុងមូស្គូ ដោយមានស្នាមរបួសដោយសារគ្រាប់កំាភ្លើងមួយគ្រាប់ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ខណៈក្រុមអ្នកស៊ើបអង្កេតអះអាងថាលោកបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បណ្ដេញរូបលោកចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រឹត្យមួយរបស់ប្រធានាធិបតីរុស្ស៉ីចេញផ្សាយកាលពីថ្ងៃចន្ទ មិនបានបញ្ជាក់ពីហេតុផលដែលលោក Roman Starovoit ត្រូវបានបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននោះទេ។ តែក្រុមអ្នកវិភាគ មួយចំនួនក្នុងប្រទេសរុស្ស៉ី ជឿថាលោក Starovoit ត្រូវបានបណ្ដេញចេញពីតំណែងទំនងជាដោយសារតែមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតមួយជុំវិញអំពើពុករលួយនៅក្នុងតំបន់មួយដែលរូបលោកធ្លាប់ គ្រប់គ្រង។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់លើការសន្និដ្ឋាននេះដោយឯករាជ្យនោះទេ បើទោះជាប្រភពមួយពីឧស្សាហកម្មដឹកជញ្ជូនរបស់រុស្ស៉ីបានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា តំណែងរបស់លោក Starovoit បានរង្គោះរង្គើរជាច្រើនខែមកហើយដោយសារតែរឿងអាស្រូវពុករលួយក៏ដោយ។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៉ី កំពុងបើកការស៊ើបអង្កេតថាតើមូលនិធិ ២៤៦លានដុល្លារសម្រាប់ពង្រឹងព្រំដែនរបស់រុស្ស៉ីជាមួយអ៊ុយក្រែននៅក្នុងតំបន់ Kursk ត្រូវបានចំណាយដោយត្រឹមត្រូវ ឬក៏មានប្រាក់មួយចំនួន ត្រូវបានកិបកេង។ ចំណែក គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៉ី ដែលទទួលបន្ទុកលើការស៊ើបអង្កេតបទល្មើសធំៗ ក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដែរថាខ្លួនកំពុងធ្វើការដើម្បីបញ្ជាក់ពីមូលហេតុ ស្លាប់របស់លោក Starovoit។ តែការសន្និដ្ឋានបឋមគឺលោកបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង។

គួរបញ្ជាក់ថា មុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៉ីកាលពីខែឧសភា ឆ្នាំ២០២៤ លោក Starovoit ធ្លាប់កាន់តំណែងជាអភិបាលម្នាក់គ្រប់គ្រងតំបន់ Kursk រយ​ៈពេលជិត ៥ឆ្នាំ៕