(បាងកក)៖ ក្រសួងមហាផ្ទៃថៃ នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ បានចេញមុខបកស្រាយ ដើម្បីកាត់បន្ថយក្តីព្រួយបារម្ភរបស់សាធារណជន អំពីគ្រោះរលកស៊ូណាមិនៅឈូងសមុទ្រថៃ និងសមុទ្រអង់ដាម៉ង់ ដោយធានាថា ប្រព័ន្ធរាវរក និងផ្តល់សញ្ញាអាសន្នរបស់ប្រទេសនេះ មានការត្រៀមលក្ខណៈរួចរាល់ ១០០%។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​The Nation ។

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Thirarat Samretwanich បានថ្លែងថា ប្រជាពលរដ្ឋគួរតែបន្តប្រុងប្រយ័ត្ន ប៉ុន្តែកុំមានការភ័យស្លន់ស្លោ ព្រោះស្ថាប័នពាក់ព័ន្ធទាំងអស់បានត្រៀមលក្ខណៈពេញលេញ ដើម្បីចេញសេចក្តីជូនដំណឹងអាសន្នអំពីរលកស៊ូណាមិឲ្យបានទាន់ពេលវេលា ប្រសិនបើចាំបាច់។ លោកស្រីបានផ្តល់ការធានានេះ បន្ទាប់ពីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីស្ថាប័នសំខាន់ៗ ដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យគ្រោះរញ្ជួយដី ការផ្តល់សញ្ញាអាសន្នអំពីរលកស៊ូណាមិ និងនីតិវិធីនៃការជម្លៀសខ្លួន។

លោកស្រី Thirarat បានពន្យល់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ដែលបានធ្វើឲ្យសាធារណជនកាន់តែព្រួយបារម្ភ ដោយបានគូសបញ្ជាក់ពីសកម្មភាពរញ្ជួយដីនៅមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដោយមិនបានគិតគូរពីទំហំនៃគ្រោះរញ្ជួយដីនោះឡើយ ដែលជាហេតុបង្កឲ្យមានការភ័យស្លន់ស្លោក្នុងចំណោម ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ។

ទន្ទឹមគ្នានេះ តំណាងនាយកដ្ឋានឧតុនិយមថៃបានបញ្ជាក់ថា បុគ្គលិក និងឧបករណ៍របស់នាយកដ្ឋាន តែងតែត្រួតពិនិត្យសកម្មភាពរញ្ជួយដី នៅទូទាំងពិភពលោកជាប្រចាំ ហើយអាចផ្ទៀងផ្ទាត់ព័ត៌មានបានភ្លាមៗ តាមរយៈការសហការជាមួយស្ថាប័នអន្តរជាតិផ្សេងៗ។ ពួកគេបានពន្យល់បន្ថែមថា គ្រោះរញ្ជួយដីដែលបានកើតឡើងនាពេលថ្មីៗនេះ នៅក្បែរប្រជុំកោះនីកូបា (Nicobar) មានចលនាបែបផ្តេក ដែលមានន័យថា វាមិនអាចបង្កឲ្យមានរលកស៊ូណាមិនៅសមុទ្រអង់ដាម៉ង់បានទេ។ លើសពីនេះ ការរញ្ជួយដីនៅឯនាយឆ្នេរសមុទ្រនៃប្រទេសជប៉ុន ក៏នៅឆ្ងាយពេកដែលមិនអាចបង្កផលប៉ះពាល់ដល់ប្រទេសថៃបានឡើយ៕