(សាណា)៖ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិតមួយខែទៅលើគោលដៅរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ដែលជំរុញឲ្យមានការវាយបកវិញភ្លាមៗពីសំណាក់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនបានកំណត់គោលដៅលើកំពង់ផែចំនួនបីគឺ Hodeidah, Ras Isa, និង Salif ព្រមទាំងរោងចក្រថាមពល Ras Qantib។ អ៊ីស្រាអែលក៏បានវាយប្រហារលើនាវា Galaxy Leader ដែលក្រុមហ៊ូទីបានកាន់កាប់កាលពីឆ្នាំមុនផងដែរដោយចោទប្រកាន់ថាក្រុមហ៊ូទី បានដំឡើងប្រព័ន្ធរ៉ាដានៅលើនាវានោះ។
ប៉ុន្មានម៉ោងក្រោយមក ក្រុមហ៊ូទីបានបាញ់មីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល។ អ្នកនាំពាក្យយោធារបស់ក្រុមនេះបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេក៏បានឆ្លើយតបទៅនឹងយន្តហោះអ៊ីស្រាអែលដោយប្រើ «មីស៊ីលបាញ់ពីដីទៅអាកាសដែលផលិតក្នុងស្រុក» ផងដែរ។ ទោះជាយ៉ាងណា សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបាននិយាយថា មិនមានរបាយការណ៍អំពីអ្នករងរបួស ឬស្លាប់នោះទេ។
គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាជាថ្មីនេះ កើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់មួយរយៈ។ ចាប់តាំងពីសង្គ្រាមហ្គាហ្សាផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ូទីបានបើកការវាយប្រហារជាច្រើនលើកលើអ៊ីស្រាអែល និងនាវានៅសមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ ក្រុមនេះ ត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តដ៏សំខាន់ចុងក្រោយមួយរបស់អ៊ីរ៉ង់ក្នុងតំបន់បន្ទាប់ពីអ៊ីស្រាអែលបានធ្វើឲ្យក្រុមហាម៉ាស់ និង Hezbollah ចុះខ្សោយ៕