(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាននាថ្ងៃចន្ទនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈដែលនៅពេលជាមួយគ្នានោះ ក្រុមមន្ត្រីអ៊ីស្រាអែលកំពុងបន្តកិច្ចចរចាដោយប្រយោលជាមួយក្រុមហាម៉ាស់នៅប្រទេសកាតា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
លោក Netanyahu បានបង្ហាញក្តីសង្ឃឹមថា ជំនួបរបស់លោកជាមួយលោក ត្រាំ នឹងជួយជំរុញកិច្ចចរចានៅទីក្រុងដូហា ដែលកំពុងឈានចូលដល់ថ្ងៃទីពីរ។ មន្ត្រីអ៊ីស្រាអែលម្នាក់ បានពិពណ៌នាបរិយាកាសចរចានៅកាតាថា «វិជ្ជមាន» ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនបាននិយាយថា កិច្ចប្រជុំដំបូងកាលពីថ្ងៃអាទិត្យ បានបញ្ចប់ទៅដោយគ្មានការសន្និដ្ឋាន។
សំណើដែលជំរុញដោយអាមេរិក គឺផ្ដោតលើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីដោះដូរចំណាប់ខ្មាំងជាដំណាក់កាល។ ទោះជាយ៉ាងណា ឧបសគ្គដ៏ធំ ដែលរារាំងកិច្ចព្រមព្រៀងគឺ ក្រុមហាម៉ាស់ទាមទារឲ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ជាមុនសិន ចំណែកឯអ៊ីស្រាអែលវិញ ទទូចថានឹងមិនបញ្ឈប់ការប្រយុទ្ធឡើយ ដរាបណាចំណាប់ខ្មាំងមិនទាន់ត្រូវបានដោះលែង ហើយក្រុមហាម៉ាស់មិនទាន់ត្រូវបានកម្ទេចទេនោះ។
គួរបញ្ជាក់ថា អ៊ីស្រាអែលសង្ឃឹមថា ជម្លោះជាមួយអ៊ីរ៉ង់កាលពីខែមុន បានធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយ និងអាចបើកឱកាសឲ្យមានកិច្ចព្រមព្រៀងការទូតថ្មីៗក្នុងតំបន់ ដូចជាការធ្វើប្រក្រតីនីយកម្មទំនាក់ទំនងជាមួយស៊ីរី និងលីបង់ជាដើម ដែលធ្វើឲ្យកិច្ចព្រមព្រៀងនៅហ្គាហ្សានេះ កាន់តែមានសារៈសំខាន់៕